(ភ្នំពេញ)៖ ក្នុងការបើកអាជីវកម្មមួយ តែងជួបនូវឧបសគ្គ ដែលធ្វើឱ្យអាជីវកម្មនោះមិនអាចឈរជើងបានយូរអង្វែង ហេតុនេះហើយមុននឹងចាប់ផ្តើមអាជីវកម្មអ្វីមួយ ម្ចាស់អាជីវកម្មត្រូវរៀបចំយុទ្ធសាស្រ្តឱ្យបានល្អ ជាពិសេសត្រូវដឹងពីគោលដៅនៃការធ្វើជំនួញរបស់ខ្លួន។
ដើម្បីធ្វើឱ្យក្រុមហ៊ុន ឬអាជីវកម្មមួយឈរជើងបានរឹងមាំ និងយូរអង្វែង មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ស្ថាបនិករមណីយដ្ឋានភូមិរំដួល និងភូមិសុខារាវី បានចែករំលែកនូវគន្លឹះមួយចំនួន ជាពិសេសការចាក់គ្រឹះក្នុងអាជីវកម្ម។
លោកបានពន្យល់ថា មុននឹងបើកដំណើរការអាជីវកម្មអ្វីមួយ ម្ចាស់អាជីវកម្មត្រូវតែអំពីសប្បុរិសធម៌ ៧យ៉ាង។ សប្បុរិសធម៌ ៧យ៉ាងនោះរួមមាន៖
១.ធម្មញ្ញតា (ស្គាល់ ដឹង ហេតុ ប្រវត្តិ អតីត)៖ ហេតុអីបានជាត្រូវបើកអាជីវកម្មនោះ?
២.អត្ថញ្ញតា (ស្គាល់ ដឹង ផល អនាគត)៖ ផលបានអ្នកណាខ្លះ?
៣.អត្ថញ្ញុតា (ស្គាល់ ដឹង អំពីខ្លួន អង្គភាពខ្លួន)៖ ត្រូវស្គាល់ខ្លួនឯង ឱ្យច្បាស់?
៤.មត្តញ្ញុតា (ស្គាល់ដឹង ប្រមាណ ស្គាល់ល្មម) ៖តើគួរដាក់ទុន និងពេលវេលាប៉ុន្មានទើបសមល្មម សម្រាប់ការធ្វើអាជីវកម្មនោះ?
៥.កាលញ្ញុតា (ស្គាល់ ដឹង កាលវេលា)៖ គួរវិនិយោគនៅពេលណា ឬឆ្នាំណា ដែលអំណោយផលសម្រាប់ចាប់ផ្តល់អាជីវកម្ម?
៦.បរិសញ្ញុតា (ស្គាល់ ដឹង ប្រជុំជន) ៖ គួរចាប់អាជីវកម្មអ្វីនៅក្នុងតំបន់ណាមួយ ដែលប្រជាជនទីនោះចូលចិត្តរកស៊ីអ្វី ?
៧.បុគ្គលញុតា (ស្គាល់ ដឹង អធ្យាស្រ័យជាបុគ្គល) ៖ មុននឹងចេញរកស៊ីមានបុគ្គលណាខ្លះ ដែលចាំគាំទ្រ ធ្វើឱ្យជំនួញនោះដំណើរការល្អ និងទទួលបានជោគជ័យ?
លោកមានប្រសាសន៍ថា «មនុស្សណាដែលមានសប្បុរិសធម៌ទាំង ៧យ៉ាង ហើយយកចំណុចនេះទៅធ្វើជាគ្រឹះក្នុងការរកស៊ីខ្លួនឯងផង សម្រាប់បន្តដល់កូនចៅផង ការរកស៊ីមិនងាយរំលំទេ»។
ជាមួយគ្នានេះ លោកបានរំលឹកដល់ម្ចាស់អាជីវកម្មទាំងអស់កុំភ្លេចក្នុងការចាក់គ្រឹះក្នុងការអាជីវកម្ម ដែលគួរតែធ្វើ២កន្លែង ទី១. គឺខ្លួនឯង និងទី២. អ្នកបន្តវេន ឬអ្នកជំនាន់ក្រោយ។ អ្នកជំនាន់ក្រោយ អាចជាកូន ឬក្មួយ។
សូមទស្សនាការពន្យល់បន្ថែមរបស់លោក មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ៖