(ភ្នំពេញ)៖ អ្នកជំនាញនៅក្នុងទីផ្សារមាស បានគូសបញ្ជាក់ថា ក្នុងខែឧសភានេះតម្លៃមាសបានហក់ឡើងដល់ជិត ៣ពាន់ដុល្លារក្នុងមួយតម្លឹង ជាតម្លៃខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមក ហើយនឹងអាចកើនឡើងបន្ថែមទៀតនៅចុងឆ្នាំ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា តម្លៃមាសបានហក់ឡើងខ្លាំង នៅរយៈពេល២ខែនេះ គឺមេសា និងខែឧសភា។ បើធៀបរវាងខែមេសា និងខែឧសភា តម្លៃមាសបានកើនឡើងប្រមាណ ២៣ដុល្លារក្នុងមួយតម្លៃ ពោលគឺកាលពីខែមេសា តម្លៃមាសហក់ខ្ពស់បំផុតត្រឹមតែ ២ ៩២៧ដុល្លារក្នុងមួយតម្លឹង ឬប្រមាណ២ ៤៣០ដុល្លារ ក្នុងមួយអោន ខណៈនៅក្នុងខែឧសភានេះ តម្លៃមាសបានហក់ឡើងដល់ ២ ៩៥០ដុល្លារក្នុងមួយតម្លឹង ឬប្រមាណ២ ៤៤៩ដុល្លារក្នុងមួយអោន។
លោកបានពន្យល់ថា កត្តាដែលជំរុញឱ្យតម្លៃមាស ហក់ឡើងខ្ពស់នៅក្នុងឆ្នាំ២០២៤នេះ ដោយសារកត្តាបី គឺ ធនាគារកណ្តាលសហរដ្ឋអាមេរិក មានគម្រោងក្នុងកាត់បន្ថយអត្រាការប្រាក់ដុល្លារ នៅក្នុងឆ្នាំ២០២៤, កត្តាសង្រ្គាមនៅបណ្តាប្រទេសមួយចំនួន ដែលប៉ះពាល់ការរកស៊ីរបស់ប្រជាជន នៅលើសាកលលោក និងទី៣. ទំនុកចិត្តនៃការប្រើប្រាស់ប្រាក់ដុល្លារ ដែលរំពឹងថានឹងធ្លាក់ថ្លៃនាពេលខាងមុខ និងការវិនិយោគរបស់វិនិយោគិន ទៅលើតម្លៃហាងឆេងមាស។
តែយ៉ាងណាមិញលោកយល់ថា ប្រសិនបើគ្មានភាពតានតឹង លើស្ថានភាពនយោបាយតទៀតទេ នៅដើមខែក្រោយតម្លៃមាសនឹងអាចធ្លាក់ចុះ។ យ៉ាងណាមិញលោកព្យាករណ៍ថា តម្លៃមាសអាចកើនឡើងវិញនៅអំឡុងខែកញ្ញា និងតុលា លើសតម្លៃបច្ចុប្បន្ននេះទៅទៀត។
លោកលើកឡើងថា ដើម្បីធ្វើឱ្យការវិនិយោគ ឬការទិញ-លក់មាស មានផលចំណេញ លោកលើកទឹកចិត្តឱ្យធ្វើការតាមដានជាប្រចាំ ទៅលើការឡើងចុះនៃប្រាក់ដុល្លារអាមេរិក។
លោកបញ្ជាក់ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ហាងមាសមានតម្លៃ ២ ៨៣២ដុល្លារ ក្នុងមួយតម្លឹង ឬប្រមាណ២ ៣៥១ដុល្លារក្នុងមួយអោន៕
សូមស្តាប់ការពន្យល់បន្ថែមរបស់លោក ឡុង សំណាង៖