(បាងកង)៖ សហគ្រាសកម្ពុជាមួយចំនួនដែលកំពុងកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី បានចូលរូមការតាំងពិព័រណ៍ខ្នាតធំលំដាប់អន្តរជាតិមួយនៅប្រទេសថៃ «THAIFEX ANUGA ASIA 2024» រយៈពេល៣ថ្ងៃ ពីថ្ងៃទី ២៨-៣០ ខែឧសភា ឆ្នាំ២០២៤ ដើម្បីស្វែងរកទីផ្សារបន្ថែមនៅអាស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក។
លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «THAIFEX ANUGA ASIA 2024» គឺជាពិព័រណ៍ធំកម្រិតពិភពលោក ដែលមានការចូលរួមពីអ្នកធុរកិច្ច និងវិនិយោគិនអន្តរជាតិជាច្រើន ដូច្នេះហើយការយកផលិតផលស្វាយចន្ទីកម្ពុជានៅតាំងពិព័រណ៍នៅក្នុងកម្មវិធីនេះ នឹងជំរុញការផ្សព្វផ្សាយពីផលិតផលស្វាយចន្ទីកម្ពុជាទៅដល់ពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីឱ្យស្គាល់ពីសក្តានុពលរបស់ស្វាយចន្ទីកម្ពុជា។ ការចូលរួមពិព័រណ៍នេះក៏ជាឱកាសមួយក្នុងការស្វែងរកអ្នកបញ្ជាទិញបន្ថែម ទាំងផលិតផលមិនទាន់សម្រេច និងផលិតផលសម្រេចផងដែរ។
លោកបន្តថា ក្រៅពីផ្សព្វផ្សាយ និងស្វែងរកអ្នកបញ្ជាទិញបន្ថែម ក្រុមហ៊ុនសហគ្រាសដែលបានចូលរួមពិព័រណ៍នេះ ថែមទាំងបានស្វែងយល់ពីបច្ចេកវិទ្យា ជាពិសេសម៉ាស៊ីនកែច្នៃស្វាយចន្ទីបែបទំនើប ក្នុងការកែច្នៃស្វាយចន្ទីខ្មែរឲ្យមានគុណភាពខ្ពស់ បរិមាណច្រើន ដើម្បីកាត់បន្ថយថ្លៃដើម ដែលម្ចាស់សហគ្រាសនៅកម្ពុជា គួរតែយកចិត្តទុកដាក់ក្នុងការពង្រឹងទៅលើបច្ចេកទេសនៃការកែច្នៃរបស់ខ្លួន ។ព្រមទាំងសិក្សាស្វែងយល់ពីការវេចខ្ចប់ និងការកសាង ម៉ាក(BRAND) សម្រាប់ចន្ទីខ្មែរឲ្យពិភពលោកទទួលស្គាល់ និងគាំទ្របានទូលំទូលាយ។
លោកបានឱ្យបានឱ្យដឹងផងដែរថា តាមរយៈការចូលរួមពិព័រណ៍អន្តរជាតិនេះ លោកបានជួបជាមួយក្រុមហ៊ុនកែច្នៃស្វាយចន្ទីជាច្រើន ដែលចាប់អារម្មណ៍ក្នុងការទិញស្វាយចន្ទីមិនទាន់សម្រេចពីកម្ពុជា ដើម្បីយកទៅកែច្នៃបន្ត។
នាពេលខាងមុខ លោកនឹងជំរុញការសហការជាមួយក្រុមហ៊ុនទាំងនេះដើម្បីជំរុញការកែច្នៃស្វាយចន្ទីឱ្យមានភាពប្រសើរជាងមុន និងទទួលបានការគាំទ្រពីទីផ្សារក្រៅប្រទេសបន្ថែមទៀត។
ជាមួយគ្នានេះសហព័ន្ធស្វាយចន្ទីនឹងសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជន វីស័យសាធារណៈ និងដៃគូអភិវឌ្ឍន៍រៀបចំផែនការចូលរួមនៅឆ្នាំបន្ទាប់ៗឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ហាញពីសក្តានុពលស្វាយចន្ទីកម្ពុជា និងទាក់ទាញវិនិយោគិន៕