(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ ៧៥.៨%ហើយ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆមាសទី១ ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ចូលរួមជាអធិបតីក្នុងកម្មវិធី ដឹកនាំតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងតំណាងក្រុមហ៊ុនផ្តល់សេវាកម្ម គាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាស មកធ្វើទស្សនកិច្ចស្វែងយល់លើការងារសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងជាលើកទី២ ដើម្បីអនុញ្ញាតជូនប្រតិបត្តិករក្រុមហ៊ុនទាំងអស់ ត្រៀមលក្ខណៈរបស់ខ្លួន មកបម្រើការងារ និងផ្តល់សេវាកម្មពាក់ព័ន្ធ នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ចប់ការសាងសង់រួចរាល់ និងចាប់ផ្តើមប្រតិបត្តិការតាមការគ្រោងទុក នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ។
ដំណើរទស្សនកិច្ចនេះ ក៏មានបំណងផ្តល់ការស្វែងយល់អំពីការវិវឌ្ឍន៍ចុងក្រោយ នៃការសាងសង់សំណង់ដ៏មហិមា និងលំដាប់អន្តរជាតិរបស់កូនខ្មែរ ដែលកើតចេញពីគតិបណ្ឌិត និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងការបន្តអនុវត្តគតិបណ្ឌិត ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ថ្លែងក្នុងពិធីនេះលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា «ក្រុមហ៊ុនបានខិតខំប្រឹងប្រែង និងព្យាយាមអស់ពីលទ្ធភាព ដើម្បីសម្រេចការសាងសង់ ឲ្យបានឆាប់តាមផែនការដូចបានគ្រោងទុក។ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៧៥.៨%»។
បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងទៀតថា គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោនៅទីនេះ ក្រោមទឹកប្រាក់វិនិយោគ ១៥០០ លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន ១០០%។
លោកថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងនាមជាម្ចាស់ភាគហ៊ុន ក៏មានមោទនៈភាពក្រៃលែងផងដែរ នៅពេលណាដែល គម្រោងសាងសង់ត្រូវបាន បញ្ចប់តាមផែនការ និងដាក់ដំណើរការប្រកប ដោយប្រាក់ចំណេញ ហើយជួយជំរុញដល់កំណើនដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងផងដែរថា ចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកធ្វើដំណើរ តាមផ្លូវអាកាសជាង២លាននាក់ ពោលគឺមានការកើនឡើង ២៥% ធៀបនឹងអំឡុងពេល ដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង១លាន ៦សែននាក់។
តាមរយៈតួលេខនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អាចនិយាយជារួមបានថា សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានស្ដារឡើងវិញ បន្តិចម្តងៗ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ និងកំពុងបោះជំហានទៅមុខ គួរជាទីមោទនៈ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕