(ប៉ារីស)៖ ស្ថាប័នស្រាវជ្រាវថាមពលកំពូលរបស់ពិភពលោកបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ទឹកប្រាក់វិនិយោគកំពុងហូរចូលទៅក្នុងថាមពលពន្លឺព្រះអាទិត្យច្រើនជាងការវិនិយោគលើប្រភពថាមពលផ្សេងទៀតទាំងអស់សរុបបញ្ចូលគ្នា ដោយការវិនិយោគអាចនឹងកើនឡើងដល់ ៥០០ពាន់លានដុល្លារនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់របាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ថា ទីភ្នាក់ងារថាមពលនេះបានព្យាករថា ការវិនិយោគជាសាកលលើថាមពលស្អាតនៅឆ្នាំនេះនឹងកើនឡើងដល់ ២ពាន់ពាន់លានដុល្លារអាមេរិក ដែលមានទំហំពីរដងធៀបនឹងការវិនិយោគលើឥន្ធនៈផូស៊ីល។
IEA បានឱ្យដឹងថា ការវិនិយោគរួមបញ្ចូលគ្នានៅក្នុងថាមពលកកើតឡើងវិញ និងបណ្តាញអគ្គិសនីមានទំហំលើសទឹកប្រាក់ដែលបានវិនិយោគលើឥន្ធនៈផូស៊ីលជាលើកដំបូងក្នុងឆ្នាំ២០២៣។
លោក Fatih Birol នាយកប្រតិបត្តិ IEA បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយអមជាមួយនឹងរបាយការណ៍ប្រចាំឆ្នាំស្ដីពីការវិនិយោគថាមពលពិភពលោករបស់ទីភ្នាក់ងារនេះថា៖ «ការវិនិយោគថាមពលស្អាតកំពុងបង្កើតកំណត់ត្រាថ្មី សូម្បីតែនៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចដែលមានការប្រកួតប្រជែងក៏ដោយ ដែលបង្ហាញពីសន្ទុះនៅពីក្រោយសេដ្ឋកិច្ចថាមពលពិភពលោកថ្មី»។
ក្រុមហ៊ុននិងរដ្ឋាភិបាលនានានៅជុំវិញពិភពលោកកំពុងបង្កើនការចំណាយលើការផលិតថាមពលស្អាត ដើម្បីកាត់បន្ថយការបញ្ចេញកាបូនពីការដុតឥន្ធនៈផូស៊ីលដែលកំពុងជំរុញឱ្យមានការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ។
របាយការណ៍នេះបានបង្ហាញថា ខ្សែច្រវាក់ផ្គត់ផ្គង់ដែលកំពុងប្រសើរឡើងនិងការចំណាយកាន់តែទាបកំពុងជំរុញការវិនិយោគលើទម្រង់នានានៃថាមពលស្អាតដូចជា បន្ទះស្រូបពន្លឺព្រះអាទិត្យ ទួរប៊ីនខ្យល់ រថយន្តអគ្គិសនី និងម៉ាស៊ីនបូមកំដៅ ក៏ដូចជាការផលិតថាមពលនុយក្លេអ៊ែរ។
ការវិនិយោគរួមគ្នាលើថាមពលកកើតឡើងវិញ និងនុយក្លេអ៊ែរសម្រាប់ផលិតអគ្គិសនីនៅពេលនេះរំពឹងថានឹងកើនឡើងដល់ ១០ដងនៃបរិមាណទឹកប្រាក់ដែលនឹងវិនិយោគលើថាមពលឥន្ធនៈផូស៊ីល ដែលនាំមុខដោយការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យដែលប្រទេសចិនបានវិនិយោគចំណែកធំបំផុត។
របាយការណ៍ដដែលបានឱ្យដឹងថា៖ «ឥឡូវនេះ ប្រាក់កាន់តែច្រើននឹងហូរចូលទៅក្នុង PV (បន្ទះសូឡា) ជាងបច្ចេកវិទ្យាផលិតអគ្គិសនីផ្សេងទៀតទាំងអស់រួមបញ្ចូលគ្នា»។
ថ្លៃដើមចំណាយលើបន្ទះសូឡាបានធ្លាក់ចុះ ៣០ភាគរយក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ហើយនៅឆ្នាំ២០២៤ «ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ PV រំពឹងថានឹងកើនឡើងដល់ ៥០០ពាន់លានដុល្លារអាមេរិក ដោយសារការធ្លាក់ចុះថ្លៃម៉ូឌុលជំរុញឱ្យមានការវិនិយោគថ្មី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕