(ភ្នំពេញ)៖ ថ្លៃដើមនៃការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នៅតែជាបញ្ហាចាំបាច់ ក្នុងការគិតគូររកដំណោះស្រាយ ដើម្បីឲ្យថ្លៃដើមមានការចុះថោក ខណៈបច្ចុប្បន្នគ្រាប់ស្វាយចន្ទីកម្ពុជា មានតម្លៃថ្លៃជាងប្រទេសជិតខាង ចំនួន២០០០រៀល ក្នុង១គីឡូក្រាម។
លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ស្វាយចន្ទីមួយគីឡូ គុណភាពដូចគ្នា គឺខ្មែរយើងលក់លើសគេ ០.៥ដុល្លារ ក្នុងមួយគីឡូក្រាម កន្លែងហ្នឹងហើយ ដែលយើងត្រូវកាត់បន្ថយ យើងនៅឆ្ងាយពីគេពេក»។
ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យស្វាយចន្ទី ដើម្បីជំរុញកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី» ក្នុងកម្មវិធី FRESH BUSINESS។
បន្ថែមពីនោះទៀត លោក អាន តារា ក៏បានលើកឡើង៣ចំណុចធំៗ ដើម្បីកាត់បន្ថយថ្លៃដើមបាន នៃការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា រួមមាន៖
ទីមួយ៖ ទាក់ទងនឹងទុនវិនិយោគ ទុននៃប្រាក់កម្ចី ធ្វើយ៉ាងម្ដេច ទុននេះយកការប្រាក់ឲ្យបានទាប ហើយខ្ចីឲ្យច្រើន តាមដែលអាចធ្វើបាន និងកុំឲ្យសូវមានទ្រព្យបញ្ចាំ។
ទីពីរ៖ ចង់ឲ្យរដ្ឋាភិបាលយកចិត្ដទុកដាក់ ឲ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងប្រទេសជិតខាង ប៉ុន្ដែកុំឲ្យតែមានការ នាំចូលអត់ជាប់ពន្ធ គឺត្រូវមានអ្វីផ្សេងជាច្រើនទៀត។
ទីបី៖ សហព័ន្ធស្វាយចន្ទីកម្ពុជា បានពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងម្ដេច ឲ្យមានការកែច្នៃ ឲ្យមានការចំណេញនៅក្នុងស្រុកខ្មែរឲ្យបានច្រើន គឺគួរតែគិតគូរអំពីពន្ធសម្រាប់នាំចេញ។
ខាងក្រោមនេះ ជាវិដេអូទាំងស្រុង នៃការលើកឡើង របស់លោក អាន តារា៖