(ភ្នំពេញ)៖ លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានពន្យល់អំពីការកែច្នៃគ្រាប់ស្វាយចន្ទី មានតម្លៃខ្ពស់ល្អ សម្រាប់ការវិនិយោគ ប៉ុន្ដែមិនមានអ្នកចង់វិនិយោគ ព្រោះថា ការវិនិយោគដំណាំស្វាយចន្ទីនៅកម្ពុជា ថ្លៃដើមមានតម្លៃខ្ពស់ ដែលនាំឲ្យក្រុមហ៊ុន ដែលនឹងគ្រោងវិនិយោគ មិនបានទទួលផលចំណេញ ឬទទួលបានផលចំណេញតិចតួច។
«នេះជាមូលហេតុ ដែលពុំសូវមានក្រុមហ៊ុនបរទេស មកវិនិយោគលើដំណាំស្វាយចន្ទី នៅក្នុងប្រទេសកម្ពុជា»។ នេះជាការបញ្ជាក់បន្ថែម របស់ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា។
ការឲ្យដឹងបែបនេះ របស់លោក អាន តារា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS នៃកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យស្វាយចន្ទី ដើម្បីជំរុញកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី»។
លោក អាន តារា បានឲ្យដឹងថា ជាការពិតការវិនិយោគលើដំណាំស្វាយចន្ទី គឺមានតម្លៃខ្ពស់ជាងគេ សម្រាប់ស្វាយចន្ទី គ្រាន់ដំណាក់កាលដំបូង ដែលជ្រុះពីដើមមកមានតម្លៃប្រមាណ១២០០ដុល្លារ ក្នុងមួយតោន ចំណែកស្វាយចន្ទី ដែលយកមកហាលសម្ងូត មានតម្លៃចន្លោះពី១៥០០ដុល្លារ-១៧០០ដុល្លារ ក្នុងមួយតោន នេះជាតម្លៃល្អ សម្រាប់ស្វាយចន្ទី ដែលពុំទាន់បានកែច្នៃនោះឡើយ។
លោកបានបន្ថែមថា «និយាយចំពោះស្វាយចន្ទី ដែលបានកែច្នៃរួច សម្រាប់ពូជចន្ទីល្អ លក់បានតម្លៃរហូត ដល់៨ពាន់ដុល្លារ ក្នុងមួយតោនឯណ្ណោះ។ ជាការពិតវាមានតម្លៃល្អ តែសួរបកត្រឡប់មកថា តម្លៃបានល្អ និងខ្ពស់ ប៉ុន្ដែហេតុអ្វីមិនមានអ្នកវិនិយោគ ចង់វិនិយោគលើដំណាំស្វាយចន្ទីនេះ ក៏ព្រោះថា អ្នកវិនិយោគភាគច្រើន សម្លឹងឃើញ និងឆ្ពោះទៅរកប្រទេសជិតខាង ពិសេសប្រទេសវៀតណាម ដើម្បីវិនិយោគ ដោយសារតែបញ្ហាចម្បងនោះ គឺតម្លៃថ្លៃដើមយើងមានតម្លៃខ្ពស់ ក្នុងនោះរួមមាន ថ្លៃអគ្គិសនី ថ្លៃដឹកជញ្ជូន ថ្លៃធនាគារ និងការរត់ឯកសារជាដើម គឺយើងមានតម្លៃខ្ពស់ជាខ្លាំង ដែលនាំឲ្យអ្នកវិនិយោគមិនហ៊ានបោះទុន ក្នុងការវិនិយោគលើដំណាំស្វាយចន្ទីនេះ ព្រោះការវិនិយោគនេះ មិនផ្ដល់ផលចំណេញនោះទេ»។
លោកបានបញ្ជាក់បន្ថែមថា កត្តាខាងលើនេះ ជាមូលហេតុដែលចោទសួរថា ម្ដេចមិនមានក្រុមហ៊ុនបរទេស មកបណ្ដាកទុនបោះទុន វិនិយោគលើវិស័យស្វាយចន្ទីនៅកម្ពុជា ជាក់ស្ដែងក្រុមហ៊ុនដែលយើងឃើញវិនិយោគភាគច្រើន សុទ្ធសឹងតែជាក្រុមហ៊ុរបស់ខ្មែរ៕