(ភ្នំពេញ)៖ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា គន្លឹះសំខាន់ក្នុងការជំរុញការច្នៃគ្រាប់ស្វាយសម្រាប់នាំចេញ គឺការផ្តល់នូវដើមទុនសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីទុកកែច្នៃ និងការកាត់បន្ថយថ្លៃដើម។
លោក អាន តារា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យស្វាយចន្ទី ដើម្បីជំរុញកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី» របស់បណ្តាញព័ត៌មាន Fresh News។
លោក អាន តារា បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាផលិតស្វាយចន្ទីបានប្រមាណជាង៧៥ម៉ឺនតោនក្នុងមួយឆ្នាំ ហើយក្នុងនោះគ្រាប់ឆៅ៩៥% ត្រូវនាំចេញទៅប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ហើយមានតែ៥%ប៉ុណ្ណោះដែលបានកែច្នៃដោយរោងចក្រនៅក្នុងស្រុក។
លោកបន្តថា ដើម្បីធ្វើឱ្យកម្ពុជាអាចស្រូបយកផលចន្ទីមកកែច្នៃនៅក្នុងរោងចក្រក្នុងស្រុក និងជំរុញការកែច្នៃស្វាយចន្ទីឱ្យបានច្រើនតាមផែនការរបស់រាជរដ្ឋាភិបាល ឱ្យបាន២៥%នៅឆ្នាំ២០២៧ គឺទាមទារឱ្យមានការយកចិត្តទុកដាក់ពី ស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុ ទៅលើការជួយជំរុញការផ្តល់ទុន និងជួយឱ្យការផលិតរបស់រោងចក្រទាំងនោះ កាន់តែមានស្តង់ដារអាចនាំចេញទៅបាន ព្រោះកម្ពុជាផលិតបានច្រើន ប៉ុន្តែតម្រូវការទីផ្សារក្នុងស្រុកនៅទាប ហេតុនេះហើយត្រូវតែជំរុញលើការកែច្នៃ ដើម្បីនាំចេញ។
លោកថា ស្ថាប័នធនាគារក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ដើម្បីជំរុញការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប បន្ធូបន្ថយទ្រព្យបញ្ចាំ ដើម្បីឱ្យរោងចក្រទាំងនោះមានលទ្ធភាពទិញគ្រាប់ចន្ទីសម្រាប់ស្តុកទុកកែច្នៃពេញមួយឆ្នាំ។
លោកកត់សម្គាល់ផងដែរថា ក្នុងការកែច្នៃនេះ ត្រូវធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសដ៏ទៃបាន។
លោកបានឱ្យដឹងថា រោងចក្រកែច្នៃស្វាយចន្ទីមួយយ៉ាងហោចណាស់ មានលទ្ធភាពកែច្នៃប្រមាណពី៣ពាន់ទៅ៥ពាន់តោនក្នុងមួយឆ្នាំ ប៉ុន្តែយ៉ាងណាមិញ រោងចក្រទាំងនោះមិនមានថវិកាគ្រប់គ្រាន់សម្រាប់ទិញគ្រាប់ស្វាយចន្ទីស្រស់មកស្តុកទុកសម្រាប់កែច្នែរយៈពេលមួយឆ្នាំនោះទេ ដែលនេះគឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ក្រុមហ៊ុនកែច្នៃ។ហើយប្រសិនក្រុមហ៊ុនមួយចង់កែច្នៃឱ្យបាន៥ពាន់តោនក្នុងមួយឆ្នាំ យ៉ាងហោចណាស់ត្រូវការទុនយ៉ាងតិច៧លានដុល្លារ។
លោកបន្តថា«ខ្ញុំគិតថាទុនវិនិយោគគឺជាកត្តាសំខាន់សម្រាប់អ្នកកែច្នៃស្វាយចន្ទីនាពេលបច្ចុប្បន្ន ហើយទី២ គឺធ្វើយ៉ាងឱ្យថ្លៃដើមថយចុះ ព្រោះការនាំចេញស្វាយចន្ទីក៏ត្រូវប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀត ដែលគេកែច្នៃស្វាយចន្ទីដែរ អ៊ីចឹងយើងយកទៅកែច្នៃ ហើយយកទៅប្រកួតប្រជែងជាមួយគេ គុណភាពស្វាយចន្ទីដូចគ្នា ហើយយើងលក់ថ្លៃជាងគេ គេប្រាកដជាអត់ទិញរបស់យើងទេ។ អ៊ីចឹងចំណុចនេះ គឺជាចំណុចសំខាន់ ដូច្នេះទាំងវិស័យឯកជន ទាំងរាជរដ្ឋាភិបាល និងវិស័យពាក់ព័ន្ធដូចជាវិស័យធនាគារ និងដៃគូរអភិវឌ្ឍន៍ផ្សេងៗ ត្រូវយកចិត្តទុកដាក់ថាធ្វើយ៉ាងណា ដើម្បីជួយជំរុញឱ្យការកែច្នៃស្វាយចន្ទីនៅកម្ពុជាមានថ្លៃដើមទាប។»
បើតាមលោកអាន តារា បច្ចុប្បន្ននេះ រោងចក្រកែច្នៃស្វាយចន្ទីនៅក្នុងស្រុក មានប្រហែល៤២រោងចក្រ ប៉ុន្តែមានតែប្រមាណ៨រោងចក្រប៉ុណ្ណោះ ដែលកែច្នៃដោយមានលក្ខណៈស្តង់ដារ ដែលអាចនាំចេញទៅក្រៅប្រទេសបាន។
លោកទស្សនាការលើកឡើងបន្ថែមរបស់ លោក អាន តារា៖