(ភ្នំពេញ)៖ កម្ពុជាត្រូវបានចាត់ទុកដាក់ថា ប្រទេសស្ថិតក្នុងលំដាប់ថ្នាក់ទី៣ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេក្នុងពិភពលោក ដោយបច្ចុប្បន្ននេះ កម្ពុជាផលិតស្វាយចន្ទីបានប្រមាណជាង៧៥ម៉ឺនតោនក្នុងមួយឆ្នាំ។
ប៉ុន្តែយ៉ាងនេះក្តី ក្នុងចំណោមទិន្នផលដែលទទួលបាន ក្នុងនោះគ្រាប់ឆៅប្រមាណ៩៥% ត្រូវនាំចេញទៅប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ហើយមានតែ៥%ប៉ុណ្ណោះដែលបានកែច្នៃដោយរោងចក្រនៅក្នុងស្រុក។
លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា ស្វាយចន្ទី គឺជាដំណាំដែលមានសក្តានុពល និងមានតម្លៃខ្ពស់គួរឱ្យកត់សម្គាល់ ហើយប្រសិនបើជាផលិតផលដែលបានកែច្នៃរួចហើយនោះ នឹងកាន់តែទទួលបានតម្លៃបន្ថែមខ្ពស់។
លោកបានឱ្យដឹងថា សម្រាប់គ្រាប់ស្វាយចន្ទីសើម មានតម្លៃយ៉ាងហោចណាស់ ១២០០ដុល្លារក្នងមួយតោន ខណៈគ្រាប់ស្ងួត មានតម្លៃមិនក្រោម១៥០០ដុល្លារក្នុងតោននោះទេ (សម្រាប់គ្រាប់ដែលមានគុណភាព) ។ ចំណែកគ្រាប់កែច្នៃវិញមានតម្លៃរហូតដល់៨ពាន់ដុល្លារក្នុងមួយតោន។
ឆ្លើយតបនឹងសំណួរ ថាតើរវាងការបើកក្រុមហ៊ុនកែច្នៃ និងការប្រមូលទិញគ្រាប់គ្រាប់ស្វាយចន្ទីឆៅទៅប្រទេសជិតខាង មួយណាចំណេញជាង?លោកបានលើកឡើងា ប្រសិនចង់បានលុយលឿន គឺប្រមូលទិញគ្រាប់ឆៅ ហើយនាំចេញ ប៉ុន្តែយ៉ាងណាមិញលោកនៅតែលើកទឹកចិត្តឱ្យបង្កើនការកែច្នៃ ព្រោះការកែច្នៃ ក្រៅពីការទទួលបានតម្លៃបន្ថែមហើយ ក៏បានរួមចំណែកបង្កើតការងារក្នុងស្រុកដល់ពលរដ្ឋខ្មែរទៀតផង។
លោកមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ផែនការ ជំរុញកែច្នៃគ្រាប់ស្វាយឱ្យបាន២៥% ក្នុងមួយឆ្នាំ២០២៧ ខណៈទីផ្សារដែលទទួលទិញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជា មានច្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ប៉ុន្តែយ៉ាងណាបញ្ហាប្រឈមដែលម្ចាស់រោងចក្រជួបប្រទះគឺថ្លៃដើមផលិតខ្ពស់ ដែលធ្វើឱ្យពិបាកប្រកួតប្រជែងជាមួយប្រទេសដ៏ទៃទៀត។
លោកថា បច្ចុប្បន្ននេះ ស្វាយចន្ទីកែច្នៃរបស់កម្ពុជា លក់ក្នុងតម្លៃលើសប្រទេសដទៃទៀតប្រមាណ០.៥ដុល្លារឬ២០០០រៀលក្នុងមួយគីឡូក្រាម
លោកលើកឡើងថា ប្រសិនបើគ្រាប់ស្វាយចន្ទីកែច្នៃ មានថ្លៃដើមទាប តម្លៃអាចប្រកួតប្រជែងជាមួយគេបាន នោះកម្ពុជានឹងនាំចេញបានច្រើន ហើយអាចចំណេញបានច្រើន ព្រមទាំងអាចសម្រេចបានផែនការដែលបានកំណត់ផងដែរ៕