(គូឡាឡាំពួរ)៖ តម្លៃប្រេងម៉ាស៊ូត នៅក្នុងប្រទេសម៉ាឡេស៊ីភាគច្រើននឹងកើនឡើងប្រហែល ៥០ភាគរយនៅថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលរដ្ឋាភិបាលចាប់ផ្តើមបញ្ឈប់ការឧបត្ថម្ភធនទូទៅ ហើយងាកមកផ្តល់ការឧបត្ថម្ភដែលកំណត់ទិសដៅច្បាស់លាស់ដល់អ្នកខ្វះខាតវិញ។ នេះបើយោងតាមកាសែត Channel News Asia។
កាសែត Channel News Asia បានរាយការណ៍ថា ម៉ាឡេស៊ីដែលឧបត្ថម្ភធនយ៉ាងច្រើនដល់តម្លៃប្រេងឥន្ធនៈ ប្រេងឆា និងអង្ករក្នុងចំណោមទំនិញមូលដ្ឋានផ្សេងទៀត បានមើលឃើញការចំណាយលើឧបត្ថម្ភធនរបស់ខ្លួនកើនឡើង ដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងគ្រាដែលមានការកើនឡើងតម្លៃទំនិញ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់បម្រុងរបស់រដ្ឋាភិបាល។ គ្រាន់តែការចំណាយលើឧបត្ថម្ភធន លើប្រេងម៉ាស៊ូតតែមួយរបស់រដ្ឋាភិបាលម៉ាឡេស៊ីបានកើនឡើង ១០ដងពី ១,៤ពាន់លានរីងហ្គីដក្នុងឆ្នាំ២០១៩ ដល់ ១៤,៣ពាន់លានរីងហ្គីត (ប្រហែល ៣ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣។
រដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងកាលពីខែមុនថា ផែនការរបស់ខ្លួនក្នុងការកាត់បន្ថយឧបត្ថម្ភធន លើប្រេងម៉ាស៊ូតនៅឆ្នាំនេះ ត្រូវបានរំពឹងថានឹងសន្សំប្រាក់បានប្រហែល ៤ពាន់លានរីងហ្គីត (៨៥៣,២៤លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដោយប្រាក់សន្សំនេះរំពឹងថា នឹងយកទៅប្រើប្រាស់ជួយក្រុមប្រជាជន ដែលមានចំណូលទាប។
កាសែត CNA បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យថា ក្រសួងនឹងចាប់ផ្តើមកំណត់តម្លៃប្រេងម៉ាស៊ូត ដើម្បីឱ្យត្រូវនឹងតម្លៃទីផ្សារ។
ក្រសួងបានឱ្យដឹងថា តម្លៃលក់រាយប្រេងម៉ាស៊ូតនឹងកើនឡើងដល់ ៣,៣៥រីងហ្គីតក្នុងមួយលីត្រដែលចាប់ផ្តើម នៅពាក់កណ្តាលអធ្រាត្រនៅថ្ងៃចន្ទ ទី១០ សប្តាហ៍នេះ នៅគ្រប់ស្ថានីយប្រេងឥន្ធនៈទាំងអស់ នៅទូទាំងឧបទ្វីបម៉ាឡេស៊ី។ នេះគឺជាតម្លៃទីផ្សារដែលមិនមានការឧបត្ថម្ភធន ដោយផ្អែកលើតម្លៃជាមធ្យមនៅខែឧសភា ឆ្នាំ២០២៤ យោងតាមរូបមន្តយន្តការកំណត់តម្លៃដោយស្វ័យប្រវត្តិ។
តម្លៃប្រេងម៉ាស៊ូតនឹងនៅតែមានតម្លៃ ២,១៥រីងហ្គីត ក្នុងមួយលីត្រដដែលនៅក្នុងរដ្ឋ និងដែនដីនានារបស់ម៉ាឡេស៊ី ដែលស្ថិតនៅលើកោះបូណេអូ (Borneo) និងសម្រាប់រថយន្តដឹកជញ្ជូន ដែលមានសិទ្ធិទទួលបានតម្លៃឧបត្ថម្ភធន ស្ថិតក្រោមប្រព័ន្ធគ្រប់គ្រងប្រេងម៉ាស៊ូតឧបត្ថម្ភធនរបស់រដ្ឋាភិបាល។
ក្រសួងហិរញ្ញវត្ថុបានបន្ថែមថា តម្លៃប្រេងម៉ាស៊ូតទាបនេះក៏ត្រូវបានកំណត់ផងដែរសម្រាប់ប្រជានេសាទ និងយានជំនិះសាធារណៈតាមផ្លូវគោក ដូចជារថយន្តក្រុងនិងរថយន្តសង្គ្រោះបន្ទាន់ជាដើម។
ប្រេងម៉ាស៊ូតត្រូវបានលក់ក្នុងតម្លៃបួនប្រភេទផ្សេងគ្នា នៅក្នុងប្រទេសម៉ាឡេស៊ី យោងទៅតាមការឧបត្ថម្ភធនដូចជា ១,៦៥រីងហ្គីតសម្រាប់អ្នកនេសាទ ១,៨៨រីងហ្គីតសម្រាប់យានយន្តដឹកជញ្ជូនសាធារណៈតាមផ្លូវគោក ២,១៥រីងហ្គីតសម្រាប់រថយន្តពាណិជ្ជកម្មនិងឯកជន ក៏ដូចជាតម្លៃទីផ្សារដែលមិនមានការឧបត្ថម្ភធន សម្រាប់វិស័យពាណិជ្ជកម្មដែលបានកើនឡើងដល់ ៣,៦រីងហ្គីតកាលពីដើមឆ្នាំនេះ។ នេះបើយោងតាមកាសែត CNA៕