(បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានឱ្យដឹងនៅថ្ងៃចន្ទថា ប្រទេសថៃនឹងពន្លឿនការចំណាយ លើការវិនិយោគរបស់ខ្លួន និងកំណត់ទិសដៅថ្មី សម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ខណៈដែលរដ្ឋាភិបាលកំពុងព្យាយាមស្តារឡើងវិញ នូវសេដ្ឋកិច្ចដែលមានភាពយឺតយ៉ាវ ជាងប្រទេសក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក Pichai Chunhavajira ត្រូវបានដកស្រង់សម្ដី ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច ដើម្បីពិភាក្សាអំពីវិធានការជំរុញសេដ្ឋកិច្ចថា រដ្ឋាភិបាលថៃចង់ឃើញមានការបញ្ចេញថវិកា សម្រាប់ការវិនិយោគក្នុងទំហំយ៉ាងហោចណាស់ ៧០ភាគរយនៃថវិកាសម្រាប់ការវិនិយោគដែលត្រៀមទុក នៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលបញ្ចប់ខែកញ្ញា ឆ្នាំ២០២៤។
លោករដ្ឋមន្ត្រីបានបន្ថែមថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ប្រហែល ៣៨,៦ភាគរយនៃថវិកាសម្រាប់ការវិនិយោគ ត្រូវបានចំណាយរួចហើយ។
លោក Pichai បាននិយាយថា ប្រទេសថៃគ្រោងចាត់វិធានការ ជំរុញសេដ្ឋកិច្ចក្នុងរយៈពេលខ្លី ដើម្បីចាប់ផ្តើមស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដែលត្រូវបានរំពឹងថានឹងកើនឡើងត្រឹមតែ ២,៥ភាគរយនៅឆ្នាំនេះ។ លោកបានបន្ថែមថា សេដ្ឋកិច្ចគួរតែកើនឡើងយ៉ាងហោចណាស់ ៣,៥ភាគរយក្នុងមួយឆ្នាំ។
សេដ្ឋកិច្ចប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរ របស់តំបន់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើង ១,៥ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្លាក់ចុះពី ១,៧ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕