(ភ្នំពេញ)៖ សមាគមភោជនីយដ្ឋានកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញពីការស្ទង់មតិមួយ ដើម្បីស្វែងយល់ពីបញ្ហាដែលវិស័យភោជនីយដ្ឋានកំពុងជួបប្រទះ និងរិះរកដំណោះស្រាយ ដើម្បីគាំទ្រលើវិស័យភោគជនីយដ្ឋាន។

ការស្ទង់មតិនេះមានគោលបំណង ផ្តល់នូវទិន្នន័យដ៏ជាក់លាក់មួយ ដែលលាតត្រដាងនូវស្ថានភាពដជាក់ស្ដែង នៃវិស័យភោជនីយដ្ឋាន និងជាមូលដ្ឋានតស៊ូមតិជាមួយរាជរដ្ឋាភិបាល ដើម្បីទទួលបានការគាំទ្រចាំបាច់ ដោយគូសបញ្ជាក់ពីវិធានការអន្តរាគមន៍សំខាន់ៗ ដែលមានប្រសិទ្ធិភាពខ្ពស់។

រយៈពេលពីរឆ្នាំកន្លះបន្ទាប់ពីការផុតកំណត់ នៃវិធានការការពារការរាតត្បាតនៃជំងឺកូវីដ-១៩ និងក្នុងកាលទេសៈដែលសេដ្ឋកិច្ច មានភាពមិនប្រាកដប្រជា វិស័យភោជនីយដ្ឋានក្នុងប្រទេសកម្ពុជាកំពុង ប្រឈមនឹងភាពតានតឹងខ្លាំង។

ទិដ្ឋភាពលម្អិតការស្ទង់មតិ របស់សមាគមភោជនីយដ្ឋានកម្ពុជា បានប្រមូលផ្តុំ មតិឆ្លើយតបសរុបពី១១៨ក្រុមហ៊ុន តំណាងឱ្យប្រតិបត្តិករភោជនីយដ្ឋានចំនួនជាង៤០០ ភោជនីយដ្ឋានប្រភេទផ្សេងៗគ្នា ដែលបង្ហាញពីការយល់ឃើញរបស់ពួកគេ អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យនេះ។

* ការស្ទង់មតិបានបង្ហាញពីភាពចម្រុះនៃប្រភេទភោជនីយដ្ឋាន៖

១៖ ភោជនីយដ្ឋានបែបប្រណិត និងភោជនីយដ្ឋានទូទៅធម្មតា៖ ភោជនីយដ្ឋានទាំងពីរប្រភេទតំណាងឱ្យ ៣៣.១%។
២៖ ភោជនីយដ្ឋានបម្រើអាហាររហ័ស៖ តំណាងឱ្យ ២៥.៤%។
៣៖ ហាងកាហ្វេ/ប៊ីស្តូ៖ រួមមាន ១៣.៦%។
៤៖ ប្រភេទភោជនីយដ្ឋានផ្សេងទៀត៖ រួមមាន១៤.៤% ដែលបង្ហាញពីភាពសម្បូរបែប និងភាពច្នៃប្រឌិតនៅក្នុងវិស័
យភោជនីយដ្ឋាន។

* ប្រភេទម្ហូប និងទីតាំងភោជនីយដ្ឋាន
បម្រើម្ហូបបស្ចិមប្រទេស តំណាងឱ្យ ៥១.៧% នៃភោជនីយដ្ឋានចូលរួមធ្វើការស្ទង់មតិ គ្របដណ្តប់លើវិស័យភោជនីយដ្ឋានកម្ពុជា, អាជីវកម្មចំនួន ២៨.៨% បម្រើម្ហូបអាស៊ី, អាជីវកម្មចំនួន១៣.៦% បម្រើម្ហូបចម្រុះ និង៨.៥% បម្រើម្ហូបខែ្មរ។

ផ្អែកទៅលើទីតាំងភូមិសាស្ត្រ រាជធានីភ្នំពេញ គឺជាទីផ្សារចម្បងមានភោជនីយដ្ឋាន៨២.២% ស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ទីតាំងសំខាន់ៗផ្សេងទៀតរួមមាន ខេត្តសៀមរាប ដែលមានភោជនីយដ្ឋានចំនួន ២៨% ខេត្តព្រះសីហនុ
មានភោជនីយដ្ឋានចំនួន ២៥.៤% និង១៧.៨% ជាភោជនីយដ្ឋានមានមូលដ្ឋាននៅខេត្តបាត់ដំបង។

តាមការស្ទង់មតិរបស់សមាគមភោជនីយដ្ឋានបានឲ្យដឹងថា បញ្ហាប្រឈមនៃប្រតិបត្តិការធ្វើអាជីវកម្មមួយភាគធំប្រមាណ ៧២.៩% នៃភោជនីយដ្ឋានចូលរួមធ្វើការស្ទង់មតិ បានបើកដំណើរការអាជីវកម្ម អស់រយៈពេលជាង៥ឆ្នាំមកហើយបង្ហាញថា អាជីវកម្មនោះឈរជើងលើទីផ្សារ និងមានភាពរឹងមាំ ប៉ុន្តែកំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់កើតមានពីមុនមក។

សមាគមភោជនីយដ្ឋានបានឲ្យដឹងថា លទ្ធផលស្ទង់មតិបង្ហាញថា៖
* និន្នាការចំណូល៖ ក្នុងចំណោមអាជីវកម្មចូលរួមស្ទង់មតិ អាជីវកម្មចំនួន៤៤.១% បានឱ្យដឹងថាប្រាក់ចំណូលអាជីវកម្ម របស់ពួកគេបានថយចុះខ្លាំង ក្នុងឆ្នាំកន្លងមក ការធ្លាក់ចុះនេះឆ្លុះបញ្ចាំងពីសម្ពាធសេដ្ឋកិច្ចកាន់តែធំ
និងការកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។
* ចំណូលប្រចាំខែ៖ ក្នុងចំណោមអាជីវកម្មចូលរួមស្ទង់មតិ អាជីវកម្មចំនួន ៤១.៥% បានឱ្យដឹងថា ប្រាក់ចំណូល ប្រចាំខែរបស់ពួកគេ
ធ្លាក់ចុះជាលំដាប់ និងមានតែ ៤.២%ប៉ុណ្ណោះដែលមើលឃើញថា មានប្រាក់ចំណូលកើនឡើងជាលំដាប់។
* ការធ្លាក់ចុះនៃចំនួនអតិថិជន៖ អាជីវកម្មចំនួន៤២.៤% សម្គាល់ពីការធ្លាក់ចុះគួរឱ្យព្រួយបារម្ភនៃចំនួនអតិថិជន ដែលធ្វើឱ្យសម្ពាធ ហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។
* ថ្លៃដើមអាជីវកម្ម៖ អាជីវកម្មចំនួន៣៤.៧% ឃើញថាថ្លៃដើមប្រតិបត្តិការអាជីវកម្មរបស់ពួកគេបានកើនឡើងបន្តិចបន្តួច និងអាជីវកម្មចំនួន២៧.១% បានឱ្យដឹងថា ថ្លៃដើមរបស់ពួកគេមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។

ក្នុងនោះចំណាយថ្លៃជួលទីតាំងអាជីវកម្ម មានខ្ទង់ចំណាយខ្ពស់រហូតដល់ទៅ ៦៦.១% និងថ្លៃដើមទំនិញ ៦៤.៤% គឺជាចំណាយដែលប៉ះពាល់ខ្លាំង បំផុតដល់អាជីវកម្ម។

កត្តាទាំងនេះបានធ្វើឱ្យអត្រាផលចំណេញបានធ្លាក់ចុះយ៉ាងខ្លាំង សម្រាប់អាជីវកម្មចំនួន៤១.៥% ឆ្លុះបញ្ចាំងពីភាពតានតឹងផ្នែកហិរញ្ញវត្ថុលើវិស័យនេះ។

លោក Arnaud Darc ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា បានឲ្យដឹងថា «វិស័យភោជនីយដ្ឋានកំពុងស្ថិត ក្នុងស្ថានភាពមួយគួរឱ្យព្រួយបារម្ភ ទោះបីជាអាជីវកម្មមានភាពធន់ និងការខិតខំធ្វើការសម្របខ្លួនយ៉ាងណាក៏ដោយ សម្ពាធសេដ្ឋកិច្ចបច្ចុប្បន្ន គឺមិនមានភាពប្រាកដប្រជា បើពុំមានវិធានការគាំទ្រពីរដ្ឋាភិបាល»។

លោកបានបន្ដថា ការស្ទង់មតិនេះបង្ហាញពីតម្រូវការបន្ទាន់ នូវវិធានការបន្ធូរបន្ថយពន្ធ និងជំនួយហិរញ្ញវត្ថុ ដើម្បីធានាបាននូវនិរន្តរភាព និងការងើបឡើងវិញយ៉ាងពេញលេញ នៃវិស័យភោជនីយដ្ឋាន៕