(ភ្នំពេញ)៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលជាអគ្គនាយកអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងពេលឆាប់ៗខាងនេះផ្សារបោះដុំផលិតផលរបស់ខ្មែរ នឹងលេចរូបរាងឡើងនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលជាការសហការរវាងក្រុមហ៊ុនផ្សារអាណាចក្រ និងផ្សារ KC ។
ផ្សារបោះដុំនេះជួយឲ្យមានការគាំទ្រដល់ផលិតផលខ្មែរ និងជួយដល់កសិករមានទីផ្សារកាន់តែទូលំទូលាយ។
ការលើកឡើងរបស់លោក ងិន ឆាយ ធ្វើឡើងក្នុងកម្ម វិធីសិក្ខាសាលាស្តីពី ផែនការបើកផ្សារបោះដុំ ដើម្បីជំរុញការលក់ផលិតផលក្នុងស្រុក និងជំរុញទិសដៅទីផ្សារ រៀបចំឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
លោក ងិន ឆាយ បានថ្លែងឲ្យដឹងថា «ការបង្កើតឲ្យមានផ្សារបោះដុំ ផលិតផលខ្មែរនាពេលនេះ នឹងជំរុញឲ្យមានការគាំទ្រ ដល់ផលិតផលខ្មែរ ព្រមទាំងជួយជំរុញដល់កសិករ មានទីផ្សារកាន់តែទូលាយ ខណៈអគ្គនាយកដ្ឋានកសិកម្ម បានកំពុងជំរុញឲ្យផ្សារសហការជាមួយសហគមន៍កសិកម្ម ដើម្បីឲ្យមានទីផ្សារមានចរន្តមួយស្របតាមតម្រូវការ ប្រកបដោយស្តង់ដារបច្ចេកទេស មានគុណភាព អាចបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងផ្គត់ផ្គង់ទីផ្សារបានដោយមានប្រសិទ្ធភាព»។
លោកបានបន្ដថា ដើម្បីឲ្យដំណើរការនៃផ្សារបោះដុំនេះទទួលបានជោគជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្ដេជ្ញាចិត្តជួយគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឲ្យបានច្រើន និងសូមបន្ដជួយគាំទ្រកាន់តែច្រើនបន្ថែមទៀត៕