(ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១៦៥លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ កើនជិត១៣%។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែឧសភា ឆ្នាំ២០២៤ មានចំនួន១៦៤ ៤៩០ ៦០០ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន១ ០៤៩ ៥០៩ដុល្លារ»។
បើតាមរបាយការណ៍, គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៤៨៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន៦៩ដុល្លារ ក្នុង១តោន ស្មើនឹង៤.៨៩% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែឧសភា ឆ្នាំ២០២៤ មានតម្លៃ២៩៤ដុល្លារ ក្នុងមួយម៉ែត្រគីប។
លោក ឃុន កក្កដា អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានកៅស៊ូ ធ្លាប់បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ស្ថានភាពកៅស៊ូកម្ពុជា បើនិយាយអំពីតម្លៃគឺល្អ ហើយការប្រមូលផល ចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមចូលជៀរជ័រកៅស៊ូឡើងវិញហើយ។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។
ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕