(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុបបានជូនដំណឹងដល់ក្រុមហ៊ុនផលិតរថយន្តកាលពីថ្ងៃពុធថា ខ្លួននឹងដកហូតពន្ធគយបន្ថែមរហូតដល់ ៣៨,១ ភាគរយលើរថយន្តអគ្គិសនីរបស់ចិនដែលនាំចូលចាប់ពីខែក្រោយ ដែលជាវិធានការមួយទំនងជានឹងមានការសងសឹកពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
តិចជាងមួយខែបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដំឡើងពន្ធគយបួនដងលើរថយន្តអគ្គិសនីរបស់ចិន ដែលជំរុញឱ្យពន្ធកើនឡើងរហូតដល់ ១០០ភាគរយ ទីក្រុងព្រុចសែលបានឱ្យដឹងថា ខ្លួននឹងកំណត់ពន្ធគយ ១៧,៤ភាគរយសម្រាប់រថយន្ត BYD, ២០ភាគរយសម្រាប់រថយន្ត Geely និង ៣៨,១ភាគរយសម្រាប់រថយន្ត SAIC ដោយសារអ្វីដែលខ្លួននិយាយជាមានការផ្តល់ឧបត្ថម្ភធនលើសហួសហេតុ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានឱ្យដឹងថា ខ្លួននឹងតាមដានការវិវឌ្ឍនេះឱ្យបានដិតដល់ និងចាត់វិធានការចាំបាច់គ្រប់យ៉ាងដើម្បីការពារសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនចិន។
ពន្ធគយបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបនេះគ្រោងនឹងអនុវត្តនៅថ្ងៃទី៤ ខែកក្កដា ហើយការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនគ្រោងនឹងបន្តធ្វើរហូតដល់ថ្ងៃទី២ ខែវិច្ឆិកាជាពេលដែលពន្ធគយអចិន្ត្រៃយ៍ដែលជាធម្មតាមានរយៈពេលប្រាំឆ្នាំ អាចត្រូវបានអនុវត្តបើរកឃើញថាមានការឧបត្ថម្ភធនមែន។
គណៈកម្មាការអឺរ៉ុបបានឱ្យដឹងថា ខ្លួននឹងអនុវត្តអត្រាពន្ធគយ ២១ភាគរយសម្រាប់ក្រុមហ៊ុនដែលចាត់ទុកថាបានសហការជាមួយនឹងការស៊ើបអង្កេតនេះ និង ៣៨,១ភាគរយសម្រាប់ក្រុមហ៊ុនដែលមិនសហការ។ ពន្ធគយថ្មីនេះនឹងដកហូតបន្ថែមលើពន្ធគយដែលមានស្រាប់របស់សហភាពអឺរ៉ុប ១០ភាគរយ។ ក្រុមហ៊ុនផលិតលោកខាងលិចដូចជា Tesla និង BMW ដែលនាំចេញរថយន្តពីប្រទេសចិនទៅអឺរ៉ុបត្រូវបានចាត់ទុកថាជាក្រុមហ៊ុនសហការក្នុងការស៊ើបអង្កេត។
លោក Margaritis Schinas អនុប្រធានគណៈកម្មាការអឺរ៉ុបបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា រថយន្តដែលផលិតដោយក្រុមហ៊ុនចិនកំពុងទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនមិនស្មើភាព ដែលគំរាមកំហែងដល់ក្រុមហ៊ុនផលិតរថយន្តសហភាពអឺរ៉ុប៕