(ប៉ារីស)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ពិភពលោកទំនងជាមានអតិរេកប្រេងឆៅច្រើននៅឆ្នាំ២០៣០ ដោយសារការផលិតកើនឡើង ខណៈពេលដែលការផ្លាស់ប្តូរទៅប្រើថាមពលស្អាតប៉ះពាល់ដល់តម្រូវការប្រេងឆៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់របាយការណ៍ប្រចាំឆ្នាំចេញផ្សាយដោយទីភ្នាក់ងារថាមពល IEA ថា តម្រូវការប្រេងឆៅសកលត្រូវបានរំពឹងថានឹងមានចំនួន ១០៦លានបារ៉ែលក្នុងមួយថ្ងៃ (bpd) រហូតដល់ចុងទសវត្សរ៍នេះ ខណៈដែលសមត្ថភាពផ្គត់ផ្គង់សរុបអាចកើនឡើងដល់ ១១៤លានបារ៉ែលក្នុងមួយថ្ងៃ។
ទីភ្នាក់ងារថាមពលដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានឱ្យដឹងទៀតថា ការណ៍នេះនឹងបណ្តាលឱ្យមានអតិរេក ចំនួនប្រាំបីលានបារ៉ែលក្នុងមួយម៉ោង ដែលទីផ្សារប្រេងគួរតែត្រៀមខ្លួនសម្រាប់ករណីនេះ។
នាយកប្រតិបត្តិទីភ្នាក់ងារថាមពល IEA លោក Fatih Birol បានមានប្រសាសន៍ថា៖ «ខណៈពេលដែលការស្ទុះងើបឡើងវិញពីជំងឺរាតត្បាតរាតបាត់បង់សន្ទុះ ការផ្លាស់ប្តូរឆ្ពោះថាមពលស្អាតបានរីកចម្រើន ហើយរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិនមានការផ្លាស់ប្តូរ កំណើនតម្រូវការប្រេងពិភពលោកនឹងកំពុងថមថយ ហើយនឹងឈានទៅរកតម្រូវការកម្រិតកំពូលនៅឆ្នាំ២០៣០»។
លោក Birol បានថ្លែងថា ជាមួយនឹង «អតិរេកផ្គត់ផ្គង់ដ៏ច្រើនដែលកំពុងលេចឡើងក្នុងទសវត្សរ៍នេះ ក្រុមហ៊ុនប្រេងប្រហែលជាចង់ធ្វើឱ្យប្រាកដថា យុទ្ធសាស្រ្តនិងផែនការអាជីវកម្មរបស់ពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរដែលកើតឡើងនេះ»៕