(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឲ្យដឹងថា កម្ពុជាពិតជាត្រូវការអ្នកវិនិយោគពីឥណ្ឌា ដើម្បីជាការផ្សព្វផ្សាយតំបន់ទេសចរណ៍ និងការចូលរួមវិនិយោគនៅកម្ពុជាឲ្យបានច្រើន។
ការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «យន្តការទាក់ទាញភ្ញៀវទេសចរពីប្រទេសឥណ្ឌាមកកាន់កម្ពុជា»។
លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា «កម្ពុជាពិតជាត្រូវការអ្នកវិនិយោគមកពីឥណ្ឌា ដើម្បីជាការទាក់ទាញទេសចរណ៍ ព្រោះថា បើវិនិយោគឥណ្ឌាបានចូលមកវិនិយោគនៅកម្ពុជា គឺច្បាស់ណាស់នឹងមានការផ្សព្វផ្សាយពីកម្ពុជា ទាំងនេះជាអត្ថប្រយោជន៍ដែលកម្ពុជាទទួលបាន ដូច្នេះប្រសិនបើវិនិយោគិនឥណ្ឌាវិនិយោគធំនៅកម្ពុជា ការផ្សព្វផ្សាយក៏កាន់តែទូលំទូលាយ និងធំដូចគ្នា»។
លោកស្រីបានបន្ដថា អ្វីដែលកម្ពុជាកំពុងត្រូវការ ការវិនិយោគពីវិនិយោគឥណ្ឌានោះ គឺការវិនិយោគលើអាហាររដ្ឋាន ដែលមានលំដាប់ខ្ពស់ និយាយបែបនេះមិនមែនមានន័យថា កម្ពុជាមិនមានអាហាររដ្ឋានលំដាប់នោះទេ ប៉ុន្ដែយើងមានក្នុងទំហំតូចប៉ុណ្ណោះ ដែលមិនអាចបំពេញតម្រូវការភ្ញៀវបានច្រើននោះឡើយ ដូច្នេះត្រូវការការវិនិយោគបន្ថែមទៀត។
លោកស្រីបានបញ្ជាក់ថា អាហាររដ្ឋានលំដាប់ខ្ពស់នេះ អាចមិនសូវខ្វះខាតក្នុងរាជធានីភ្នំពេញ ប៉ុន្ដែខ្វះខាតតាមបណ្ដាខេត្តផ្សេងៗ ដែលមិនអាចទទួលភ្ញៀវបានច្រើននោះឡើយ ដែលនេះជាការលំបាកមួយដែលត្រូវដោះស្រាយ និងវិនិយោគបន្ថែម៕