(សិង្ហបុរី)៖ ទោះបីជាជនបរទេសចុងក្រោយក្នុងចំណោមជនបរទេសទាំង១០ នាក់ដែលត្រូវបានកាត់ទោសពីបទជាប់ពាក់ព័ន្ធក្នុងការលាងលុយកខ្វក់នៅសិង្ហបុរីចំនួន ៣ពាន់លានដុល្លារសិង្ហបុរីត្រូវបានកាត់ទោសរួចហើយក្តី ក៏ទ្រព្យជាង ២ពាន់លានដុល្លារសិង្ហបុរីដែលត្រូវបានបង្កកឬរឹបអូសនៅតែស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់នៅឡើយ។ នេះបើយោងតាមគេហទំព័រ Singapore law watch។
គេហទំព័រ Singapore law watch បានរាយការណ៍ថា ទ្រព្យចំនួន ៩៤៤,៥ លានដុល្លារសិង្ហបុរីដែលបានរឹបអូសពីជនល្មើសត្រូវបានប្រគល់ជូនរដ្ឋរួចហើយ។ ទ្រព្យទាំងនេះមានដូចជារថយន្ត អចលនទ្រព្យនិងគ្រឿងតុបតែងលម្អ សាច់ប្រាក់ អំណោយផ្តល់ជូនសប្បុរសធម៌ និងសមតុល្យនៅក្នុងគណនីធនាគារជាដើម។
ទ្រព្យមិនមែនជាសាច់ប្រាក់នៃទ្រព្យចំនួន៩៤៤,៥ លានដុល្លារសិង្ហបុរី នឹងត្រូវដាក់លក់នៅក្នុងការដេញថ្លៃ ហើយរួមជាមួយនឹងទ្រព្យជាសាច់ប្រាក់នឹងត្រូវបង្វិលចូលមូលនិធិរបស់រដ្ឋ។
ទោះជាយ៉ាងណា ទ្រព្យជាង ២ពាន់លានដុល្លារសិង្ហបុរីនៅតែត្រូវបានបង្កកឬរឹបអូស ប៉ុន្តែមិនទាន់ត្រូវបានប្រគល់ឱ្យរដ្ឋនៅឡើយ។ ឆ្លើយតបនឹងករណីនេះ នគរបាលសិង្ហបុរីបាននិយាយថា ទ្រព្យទាំងនេះជារបស់ជនបរទេសចំនួន ១៧នាក់ផ្សេងទៀតដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតទាក់ទងនឹងករណីនេះ។
បើយោងតាមសេចក្តីរាយការណ៍ដដែលនេះ មន្ត្រីនគរបាលបានឱ្យដឹងថា ពួកគេនឹងរក្សាទុកទ្រព្យដែលរឹបអូសបាននេះរហូតដល់មានការដោះស្រាយដោយតុលាការនៅពេលបិទសំណុំរឿង។
អ្នកស្រី Stephanie Chew នាយករងក្រុមហ៊ុន TSMP Law Corporation បាននិយាយថា ទ្រព្យសម្បត្តិដែលរឹបអូសជាទូទៅត្រូវបានកាន់កាប់ដាច់ដោយឡែកពីមូលនិធិរដ្ឋ ប៉ុន្តែក្រោយមកអាចត្រូវបានបញ្ជាឱ្យផ្ទេរទៅមូលនិធិរួមក្រោមមាត្រាពាក់ព័ន្ធនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
អ្នកស្រីបានកត់សម្គាល់ថា ប្រសិនបើគ្មាននរណាម្នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋពាក់ព័ន្ធនឹងទ្រព្យទាំងនេះទេ នឹងមានការអនុវត្តមាត្រា ៣៧៩ នៃច្បាប់នេះ។
យោងតាមគេហទំព័រ Singapore law watch អ្នកស្រីបានថ្លែងថា៖ «ស្ថិតក្រោម (មាត្រានេះ) របាយការណ៍អំពីការរឹបអូសត្រូវធ្វើឡើងដើម្បីដាក់ជូនតុលាការដែលពាក់ព័ន្ធក្នុងរយៈពេលមួយយ៉ាងយូរបន្ទាប់ពីរឹបអូសទ្រព្យ»។ អ្នកស្រីថ្លែងបន្តថា៖ «តុលាការមានអំណាចផ្សេងៗក្នុងការដោះស្រាយបញ្ហានេះ រួមទាំងការពន្យារពេលរឿងនេះសម្រាប់ការស៊ើបអង្កេតបន្ថែមទៀត»។
ក្នុងពេលជាមួយគ្នានេះដែរ យោងតាមកាសែត Straits Times ដែលបានដកស្រង់ប្រភពដែលដឹងពីបញ្ហានេះបានឱ្យដឹង ធនាគារផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងករណីលាងលុយនេះដូចជាធនាការ Citigroup ធនាគារ DBS Group Holdings និងធនាគារផ្សេងទៀត កំពុងបង្កើនការត្រួតពិនិត្យអតិថិជនដែលមានទ្រព្យច្រើន និងអតិថិជនសក្តានុពលរបស់ពួកគេ ដើម្បីជៀសវាងការប្រឈមទៅនឹងលំហូរខុសច្បាប់។
ប្រភពដែលស្នើសុំមិនបញ្ចេញអត្តសញ្ញាណដោយការពិភាក្សាករណីនេះគឺជារឿងឯកជនបាននិយាយថា បុគ្គលិកធនាគារឯកជននៅតាមស្ថាប័នមួយចំនួនក៏កំពុងទទួលបានការបណ្តុះបណ្តាលបន្ថែមផងដែរ ដើម្បីជួយពួកគេឱ្យរកឃើញល្បិចដែលឧក្រិដ្ឋជនប្រើដើម្បីបិទបាំងសាវតា និងប្រភពមូលនិធិរបស់ពួកគេ។
វិធានការទាំងនេះដែលធ្វើឡើងដោយស្ម័គ្រចិត្ត បង្ហាញពីរបៀបដែលស្ថាប័នផ្តល់ប្រាក់កម្ចីកំពុងព្យាយាមបិទចន្លោះប្រហោងដែលអាចឱ្យក្រុមឧក្រិដ្ឋជនមកពីប្រទេសចិនអាចលាងលុយបានជាង ៣ពាន់លានដុល្លារពីល្បែងអនឡាញតាមរយៈស្ថាប័នហិរញ្ញវត្ថុយ៉ាងហោចណាស់ ១៦នៅក្នុងប្រទេសសិង្ហបុរី។
រឿងអាស្រូវនេះបានធ្វើឱ្យខូចមុខមាត់របស់ប្រទេសសិង្ហបុរី និងបង្ហាញភាពទន់ខ្សោយអំពីរបៀបដែលធនាគារក្នុងស្រុកនិងបរទេស និងក្រុមហ៊ុនឈ្មួញជើងសារត្រួតពិនិត្យអតិថិជនរបស់ពួកគេ។
ថ្មីៗនេះ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានបញ្ចប់ការត្រួតពិនិត្យនៅនឹងកន្លែងទៅលើធនាគារមួយចំនួនដែលពាក់ព័ន្ធនឹងករណីនេះ។ នេះបើយោងតាមកាសែត Straits Times៕