(ប៉េកាំង)៖ កាសែតរដ្ឋចិន Global Times បានរាយការណ៍ថា ក្រុមហ៊ុនចិនបានដាក់ពាក្យស្នើសុំជាផ្លូវការ ឱ្យមានការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃ ចំពោះការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុប។ ការណ៍នេះកើតមានបន្ទាប់ពីអឺរ៉ុប បានដកហូតពន្ធគយប្រឆាំងការឧបត្ថម្ភធន លើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន។
ចំណាត់ការនេះ បានបង្កើតឱ្យមានភាពតានតឹងទ្វេភាគីជាថ្មី នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់មួយ របស់ពិភពលោក បន្ទាប់ពីទីក្រុងព្រុចសែលបានដំឡើងពន្ធគយរហូតដល់ ៣៨,១ភាគរយ លើរថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសចិន ដើម្បីការពារឧស្សាហកម្មរថយន្តរបស់ខ្លួន ពីការប្រកួតប្រជែង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទិន្នន័យគយចិនបានបង្ហាញថា ប្រទេសចិនបាននាំចូលសាច់ជ្រូកដែលមានតម្លៃ ៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ រួមទាំងគ្រឿងក្នុងជ្រូកដោយសហភាពអឺរ៉ុប ដែលមានចំណែកច្រើនជាងពាក់កណ្តាល។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័ កាសែតរដ្ឋចិន Global Times មិនបានផ្តល់ព័ត៌មានលម្អិតអំពីការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃ ដែលបានស្នើសុំនោះទេ ហើយក៏មិនមានភាពច្បាស់លាស់នោះដែរថា ផលិតផលសាច់ជ្រូកមួយណានឹងត្រូវកំណត់គោលដៅ។ សេចក្តីរាយការណ៍ដដែលនេះមិនបានបញ្ចេញឈ្មោះក្រុមហ៊ុនណាមួយឡើយ ហើយប្រភពដែលបានលើកឡើងនេះ សម្រាប់សេចក្តីរាយការណ៍នេះគឺជា «អ្នកនៅក្នុងអាជីវកម្ម»។
ចំណែករបស់ជ្រូកដូចជាជើង ត្រចៀក និងគ្រឿងក្នុងដែលភាគច្រើនមិនពេញនិយមទេនៅអឺរ៉ុប មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមជនជាតិចិន ដែលផ្តល់នូវទីផ្សារដ៏មានតម្លៃ និងសំខាន់សម្រាប់អឺរ៉ុប៕