(បារីស)៖ ក្រុមហ៊ុនប្រេង និងឧស្ម័ន TotalEnergies របស់បារាំង នឹងលក់អាជីវកម្មនៅប្រទេសព្រុយណេរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនរុករក និងផលិតប្រេងឯករាជ្យរបស់ម៉ាឡេស៊ី Hibiscus Petroleum ក្នុងតម្លៃ ២៥៩,៤លានដុល្លារ។ នេះបើយោងតាមការឱ្យដឹងរបស់ក្រុមហ៊ុនទាំងពីរ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការលក់អាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies នេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ក្នុងការលក់អណ្តូងប្រេងអាយុច្រើនរបស់ខ្លួន និងបែងចែកសាច់ប្រាក់ទៅកាន់ទីតាំងថ្មី ដែលមានសន្តានុពល ដូចជាប្រទេសណាមីប៊ី ជាទីដែលក្រុមហ៊ុនបារាំងនេះនឹងចំណាយ ៣០ភាគរយនៃថវិកា រុករករបស់ខ្លួនសម្រាប់ឆ្នាំ២០២៤។
សម្រាប់ក្រុមហ៊ុន Hibiscus Petroleum អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ គឺការទទួលបានទ្រព្យសកម្មឧស្ម័នធម្មជាតិ នៅក្នុងប្រទេសជិតខាងដែលមានស្ថិរភាព ដែលក្រុមហ៊ុនសង្ឃឹមថា អណ្តូងប្រេងនេះអាចបង្កើនទិន្នផល។
លោក Kenneth Pereira នាយកគ្រប់គ្រងក្រុមហ៊ុន Hibiscus Petroleum បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «យើងបាននិងកំពុងស្វែងរកឱកាសត្រឹមត្រូវ ក្នុងការចូលទៅក្នុងឧស្សាហកម្មថាមពល របស់ប្រទេសព្រុយណេមួយរយៈមកហើយ ហើយ ...បរិមាណឧស្ម័នបន្ថែមពីការទិញលក់នេះ ... នឹងផ្តល់នូវកំណើនជិត ៨៥% ដល់ផលិតកម្មឧស្ម័នរបស់យើង»។
កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យក្រុមហ៊ុនម៉ាឡេស៊ីមួយនេះ នូវសិទ្ធិទទួលបានអត្ថប្រយោជន៍ ៣៧,៥ភាគរយនៅប្រទេសព្រុយណេរបស់ក្រុមហ៊ុន TotalEnergies នៅក្នុងប្លុក B ដែលមានអណ្តូងឧស្ម័ន Maharajalela Jamalulalam (MLJ) ចម្ងាយ ៨៥គីឡូម៉ែត្រនៅឯនាយសមុទ្រ។ ទ្រព្យសកម្មនេះមានសិទ្ធិផលិតរហូតដល់ ១៥ឆ្នាំរហូតដល់ឆ្នាំ២០៣៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕