(ភ្នំពេញ)៖ ​មហាឱបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ជប៉ុន (CJBI) និងជាស្ថាបនិកររមណីយដ្ឋានភូមិផ្ការំដួល បានផ្តល់អនុសាសន៍មួយចំនួន ដល់អ្នក​វិនិយោគ ជាពិសេសអ្នកដែលចង់ចាប់ផ្តើម​វិនិយោគទៅលើមុខជំនួញណាមួយ ដើម្បីត្រៀមខ្លូនមុននឹងយកលុយទៅដាក់វិនិយោគ។

លោកបានលើកឡើងថា សម្រាប់អ្នកដែលចង់ចាប់ផ្តើមវិនិយោគ គួរតែកុំទាន់គិតដល់ការវិនិយោគ ប្រសិនអ្នកមិនមានលុយ ឬខ្ចីលុយគេយកមកវិនិយោគ ព្រោះការវិយោគអាចកើតមានហានិភ័យ គ្រប់ពេលវេលា ដែលនាំឱ្យខាតបង់ប្រាក់ ហើយឈានទៅដល់ការជំពាក់បំណុលគេវ័ន្តករ។

លោកមានប្រសាសន៍ថា លុយដែលត្រៀមសម្រាប់វិនិយោគ គឺត្រូវតែជាលុយដែលទទួលបានមកពីចំណូលរបស់ខ្លួន ហើយជាលុយដែលកើតពីការសន្សំទុកដាក់។

លោក អៀង អៀង សុធារ៉ា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី ការត្រៀមលុយមុននឹងវិនិយោគ ដើម្បីផ្តល់នូវចំណេះដឹងស្តីពីការគ្រប់គ្រង និងទុកដាក់ថវិកា ការយល់ដឹងពីយុទ្ធសាស្រ្តសំខាន់ៗ ជាពិសេសការត្រៀមខ្លួនទុកជាមុន ដើម្បីធ្វើការវិនិយោគ។ សិក្ខាសាលានេះ បានរៀបចំឡើងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

លោកបានផ្តល់សារមួយចំនួនបន្ថែមដល់អ្នកដែលមានបំណងចង់វិនិយោគយ៉ាងដូច្នេះថា៖
​១. សូមកុំដាក់ទុនវិនិយោគទាំងប្រថុយ
២. សូមកុំដាក់ទុនវិនិ​យោគដោយគ្រាន់តែបានលាភយស សរសើរ ប៉ុន្តែបាត់សេចក្តីសុខ
៣. សូមកុំដាក់ទុនវិនិយោគជាមួយបុគ្គលដែលអ្នកមិនទុកចិត្ត សូមដាក់ទុនវិនិយោគជាមួយបុគ្គលដែលអ្នកទុកចិត្ត១០០%។

ហើយជាមួយគ្នានេះ ត្រូវត្រៀមឱ្យរួចជាស្រេចនូវ៤ចំណុចសំខាន់ៗ គឺ៖

១. បើទុនវិនិយោគរបស់លោកអ្នកខាតបង់អស់រលីង១០០% ស្ថានភាពផ្លូវចិត្តរបស់លោកអ្នកនឹងមិនប៉ះពាល់
២. បើទុនវិនិយោគរបស់លោកអ្នកខាតបង់អស់រលីង១០០% នឹងមិនប៉ះពាល់ដល់ជីវភាពគ្រួសាររបស់លោកអ្នកទេ
. បើទុនវិនិយោគរបស់លោកអ្នកខាតបង់អស់រលីង១០០% នឹងមិនប៉ះពាល់ដល់ដំណើរក្រុមហ៊ុន ឬអាជីវកម្មផ្សេងទៀតរបស់លោកអ្នកទេ
៤. បើទុនវិនិយោគរបស់លោកអ្នកខាតបង់អស់រលីង១០០% ត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់កិត្តិយសរបស់លោកអ្នក របស់គ្រួសារ និងក្រុមហ៊ុន តែបើប៉ះពាល់ដល់កិត្តិយសត្រូវខំការពារកុំប៉ះពាល់ដល់សេចក្តីសុខផ្ទាល់ គ្រួសារ និងក្រុមហ៊ុនរបស់លោកអ្នក​៕