(ប៉េកាំង)៖ ប្រទេសចិនបានបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើសាច់ជ្រូកនិងគ្រឿងក្នុងជ្រូកដែលនាំចូលពីសហភាពអឺរ៉ុប ជាវិធានការដែលទំនងជាផ្តោតលើប្រទេសអេស្ប៉ាញ ហូឡង់ និងដាណឺម៉ាក ដើម្បីឆ្លើយតបទៅនឹងវិធានការពន្ធគយលើរថយន្តអគ្គិសនីរបស់ខ្លួន។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការស៊ើបអង្កេតដែលប្រកាសដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិននៅថ្ងៃចន្ទសប្តាហ៍នេះនឹងផ្តោតលើសាច់ជ្រូកសម្រាប់មនុស្សបរិភោគដូចជាសាច់ស្រស់ សាច់កក និងសាច់ក្លាសេ ព្រមទាំងពោះវៀនជ្រូក ប្លោកនោម និងក្រពះ។ ការស៊ើបអង្កេតនេះនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមិថុនា។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងទៅតាមពាក្យបណ្តឹងដែលប្តឹងដោយសមាគមចិញ្ចឹមសត្វចិនកាលពីថ្ងៃទី៦ ខែមិថុនាក្នុងនាមឧស្សាហកម្មសាច់ជ្រូកក្នុងស្រុក។
បន្ទាប់ពីការប្រកាសកាលពីថ្ងៃទី១២ ខែមិថុនារបស់គណៈកម្មការអឺរ៉ុបដែលថា ខ្លួននឹងដកហូតពន្ធប្រឆាំងនឹងការឧបត្ថម្ភធនរហូតដល់ ៣៨,១ភាគរយលើរថយន្តចិនដែលនាំចូលចាប់ពីខែកក្កដាទៅ ក្រុមហ៊ុនអាហារលំដាប់ពិភពលោកនានាបានប្រុងប្រយ័ត្នខ្ពស់ចំពោះពន្ធសងសឹកពីប្រទេសចិន។
ប្រទេសអេស្ប៉ាញគឺជាអ្នកផ្គត់ផ្គង់សាច់ជ្រូកច្រើនជាងគេទៅកាន់ប្រទេសចិន ហើយស្ថាប័នអ្នកផលិតសាច់ជ្រូក Interporc របស់ប្រទេសអេស្ប៉ាញបានឱ្យដឹងថា ពួកគេនឹងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតដោយអាជ្ញាធរចិន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានចេញផ្សាយស្ថាប័ន Interporc ថា៖ «សហភាពអឺរ៉ុបនិងចិនមានពេលវេលាច្រើនដើម្បីឈានដល់កិច្ចព្រមព្រៀងនានា»។
ក្រុមហ៊ុនផលិតសាច់ជ្រូកនៅអឺរ៉ុបគួរតែអាចបន្តការនាំចេញទៅកាន់ប្រទេសចិនដោយមិនគិតពន្ធ ខណៈពេលដែលការស៊ើបអង្កេតកំពុងដំណើរការ ដោយរង់ចាំការសម្រេចចិត្ត និងការប្រកាសពន្ធដោយភាគីចិន។ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ការស៊ើបអង្កេតគួរតែបញ្ចប់ត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ប៉ុន្តែអាចបន្តរយៈពេលប្រាំមួយខែទៀតប្រសិនបើចាំបាច់៕