(គូឡាឡាំពួរ)៖ ប្រទេសចិននិងម៉ាឡេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួននៅថ្ងៃពុធសប្តាហ៍នេះដោយបន្តជាថ្មីនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរយៈពេល ៥ឆ្នាំ និងអនុញ្ញាតឱ្យមានការនាំចេញផ្លែទុរេនស្រស់ក្នុងអំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង ដើម្បីប្រារព្ធខួបទំនាក់ទមនង ៥០ឆ្នាំរវាងប្រទេសទាំងពីរ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង បានជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម នៅក្នុងរដ្ឋធានីរដ្ឋបាលពូត្រាចាយ៉ា បន្ទាប់ពីលោកបានទៅដល់ទីក្រុងគូឡាឡាំពួរកាលពីថ្ងៃអង្គារ។
លោក លី បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយម៉ាឡេស៊ី»។ លោកបានបន្ថែមថា វិស័យផ្តោតសំខាន់រួមមានយុទ្ធសាស្រ្តអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការដោះដូរនានាដើម្បីលើកកម្ពស់ការកសាងសហគមន៍ចិន-ម៉ាឡេស៊ី។
បន្ទាប់ពីកិច្ចប្រជុំបិទទ្វារកាលពីថ្ងៃពុធ លោក លី និងលោក អានវ៉ា បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាងដប់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរាប់ចាប់ពីសេដ្ឋកិច្ចឌីជីថលរហូតដល់ការអភិវឌ្ឍន៍បៃតង លំនៅឋាន ទេសចរណ៍ និងទំនាក់ទំនង ក្នុងចំណោមកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថា កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរយៈពេលប្រាំឆ្នាំថ្មីនេះដែលបញ្ចប់នៅឆ្នាំ២០២៨ ផ្តល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងវិស័យនានាដូចជាពាណិជ្ជកម្មនិងការវិនិយោគ កសិកម្ម ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុ។ កម្មវិធីរយៈពេលប្រាំឆ្នាំនេះត្រូវបានដាក់ឱ្យប្រើលើកដំបូងក្នុងឆ្នាំ២០១៣។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ប្រទេសចិនក៏បានយល់ព្រមអនុញ្ញាតឱ្យមានការនាំចូលទុរេនស្រស់ពីប្រទេសម៉ាឡេស៊ីផងដែរ បន្ទាប់ពីម៉ាឡេស៊ីបំពេញតាមលក្ខខណ្ឌតម្រូវអនាម័យ។ ម៉ាឡេស៊ីដែលជាប្រទេសផលិតផ្លែទុរេនធំមួយលើពិភពលោកកន្លងមកត្រូវបានអនុញ្ញាតឱ្យនាំចេញតែផ្លែទុរេនកកទាំងមូលនិងផលិតផលទុរេនប៉ុណ្ណោះទៅកាន់ប្រទេសចិន ដោយការនាំចេញនេះមានតម្លៃ ១,១៩ពាន់លានរីងហ្គីត (២៥៣លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៣។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ីចាប់តាំងពីឆ្នាំ២០០៩ ហើយក្រសួងការបរទេសម៉ាឡេស៊ីបានឱ្យដឹងថា ពាណិជ្ជកម្មសរុបមានតម្លៃ ៩៨,៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕