(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រុមហ៊ុនយក្សរបស់ជប៉ុន គឺក្រុមហ៊ុន Minebea Mitsumi នឹងគ្រោងនឹងបើកការដ្ឋានសាងសង់រោងចក្រទី ២របស់ខ្លួន នាពេលឆាប់ៗខាងមុខនេះ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក កែវ រតនៈ បានថ្លែងឲ្យដឹងថា «បន្ទាប់ពីមានការពិភាក្សាយ៉ាងលម្អិតរវាងខ្ញុំ និងក្រុមហ៊ុនយក្សរបស់ជប៉ុន Minebea Mitsumi យើងទទួលបានការសម្រេចមួយ គឺក្រុមហ៊ុននេះនឹងពង្រីកការវិនិយោគរបស់ខ្លួន ដោយនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង រោងចក្រទី២របស់ខ្លួន នៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់»

លោកបានថ្លែងបន្ដថា ចំពោះទីតាំងដែលនឹងគ្រោងបើករោចក្រនេះ មានផ្ទៃដីប្រមាណ ៥០ហិចតា ដែលនឹងបង្កើតការវិនិយោគ និងបង្កើតការងារជាច្រើនកន្លែងដល់យុវជន យុវនារី មកបម្រើការងារនៅទីនេះ។ នេះជាសមិទ្ធផលថ្មីមួយ ដែលសម្ដេចតេជោ ហ៊ុន សែន បានផ្ដួចផ្ដើម និងជាការប្រឹងប្រែងបន្ដរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាការប្រឹងប្រែងធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន។

លោកបានបញ្ជាក់ថា ចំពោះរោងចក្រ Minebea Mitsumi នេះ បានដកប្រតិបត្តិការខ្លះពីប្រទេសសិង្ហបុរី ដើម្បីមកវិនិយោគនៅកម្ពុជា ដោយសម្លឹងឃើញសក្ដានុពលនៃការគាំទ្រនៃការថាមពលអគ្គិសនី។ បច្ចុប្បន្នកម្ពុជាកំពុងផលិតថាមពលចេញពី ថាមពលកកើតឡើងវិញយ៉ាងច្រើនលើសលុប ដែលធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមួយដែ លមានការទាក់ទាញ។

លោកបានបន្ថែមថា ជាការពិតថាមពលនេះ ត្រូវធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងម៉េចធានាឲ្យថ្ងៃក្រោយមិនខ្វះខាត សម្រាប់ឆ្នាំនេះកម្ពុជាបានធានាសាជាថ្មី ជាមួយក្រុមហ៊ុនរបស់ជប៉ុននេះ លើការបោះជំហានទី២ ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ថាមពលកកើតឡើងវិញនៅទីនេះ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាគឺ ថាមពលចេញពីពន្លឺព្រះអាទិត្រ នឹងក្លាយជាជន្ទល់មួយ នៃការធ្វើឲ្យរោងចក្រនេះ មានដំណើរការបន្ថែមលើទឹកដីកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន Minebea Cambodia Co. Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi ក្រុមហ៊ុននេះបានបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្រោមទុនវិនិយោគដំបូងត្រឹមតែ ២៣លានដុល្លារ។

គិតត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ៦ ៦៣០ នាក់ អង្គភាពអាជីវកម្មចំនួន ១៤ និងទុនវិនិយោគចំនួន ៦១៤ លានដុល្លារអាមេរិក៕