(ភ្នំពេញ)​​៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានអំពាវនាវដល់យុវជន យុវនារីទាំងអស់ ចាប់យកកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះថា កម្មវិធីនេះបានផ្ដល់នូវចំណេះជំនាញយ៉ាងសំខាន់សម្រាប់ខ្លួន ទាំងពេលបច្ចុប្បន្ន និងពេលនាគត។

ការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច»

លោក ឡុង ឌីម៉ង់ បានថ្លែងថា ដើម្បីឆ្លើយតបនឹងតម្រូវការនៃការវិនិយោគ និងដើម្បីអាចឆ្លើយតបនឹងការជឿនលឿននៃវិស័យឧស្សាហកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា យើងអាចនឹងខ្វះខាតកម្លាំងពលកម្មនា ពេលបច្ចុប្បន្ននេះ យើងពិតជាត្រូវការកម្លាំងពលកម្ម ដែលមានចំណេះជំនាញ។

លោកបានបញ្ជាក់ថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារកំពុងរួសរាន់ ពន្លឿននៃកិច្ចការងារទាំងនេះ ដើម្បីបណ្ដុះបណ្ដាលនៃកម្មវិធី និងបង្កើតកម្មវិធី TVET នេះ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈសំខាន់ៗ ដែលជាតម្រូវការរប​ស់វិស័យឯកជន ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

លោកបានលើកឡើងថា «ខ្ញុំសូមអំពាវនាវដល់យុវជនទូទាំងប្រទេស សូមឲ្យចាប់យកកម្មវិធីបណ្ដុះបណ្ដាវិជ្ជាជីវៈ TVET ដែលមានសារៈសំខាន់សម្រាប់ខ្លួនទាំងបច្ចុប្បន្ន និងអនាគត ព្រោះជំនាញនីមួយៗ មិនអាចចេះត ឬរៀនតាមគ្នាបាននោះទេ យើងត្រូវរៀនចំណេះជំនាញរបស់ខ្លួន ទៅតាមទីផ្សារដែលគេត្រូវការ ដូច្នេះកម្មវិធី TVET ពិតជាកម្មវិធីសំខាន់ ដែលអ្នកគ្រប់គ្នាមិនអាចខ្វះបាន ហើយកាលណាយើងបានសិក្សាស្វែងយល់រៀនសូត្រ ពីចំណេះជំនាញនេះរួចរាល់ហើយនោះ ច្បាស់ណាស់យើងពិតជាអាចបំពេញតម្រូវការ»៕

សូមទស្សនាវីដេអូនៃការលើកឡើងរបស់ លោក ឡង់ ឌីម៉ង់ ដូចខាងក្រោម៖