(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានថ្លែងថា ខេត្ដព្រះសីហនុ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទាក់ទាញអ្នកវិនិយោគ ក្រោមការអនុគ្រោះ និងការលើកទឹកចិត្ដច្រើន ជាច្រើនពីរាជរដ្ឋាភិបាល។
ការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច»។
លោកបានថ្លែងឲ្យដឹងថា កម្ពុជាមានចំណុចសំខាន់មួយ ក្នុងការទាក់ទាញអ្នកវិនិយោគ ក្នុងនោះកត្តាសន្ដិភាព ជាកត្តាចម្បង, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សុទ្ធតែជាចំណុចសំខាន់ ក្នុងការទាកទាញ់វិនិយោគិន។ ក្រៅពីនេះយើងក៏មានកម្លាំងពលកម្ម ដែលមានអាយុចន្លោះ ១៨-៣៥ឆ្នាំ ដែលមានរហូតដល់ ៦០ភាគរយ ហើយនេះជាហេតុផលដែលក្រសួងការងារ ក៏ដូចជារាជរដ្ឋាភិបាលបាន និងកំពុងបង្កើត ជំរុញកម្មវិធី TVET (បណ្តុះបណ្តាលបច្ចេកទេស)។
លោកបានបញ្ជាក់ថា ចំណុចសំខាន់ដែលខេត្តព្រះសីហនុ ត្រូវបានទាក់ទាញវិនិយោគិនបាន ដោយសារតែកម្ពុជាមានគោលនយោបាយច្រើន ដែលរាជរដ្ឋាភិបាលបាន និងកំពុងដាក់ និងបន្ដធ្វើឲ្យប្រសើរឡើង។ ក្នុងនោះខេត្តព្រះសីហនុ ជាខេត្តច្រករបស់ប្រទេសកម្ពុជាមួយ ដូច្នេះកាលដែលយើងតម្រង់ទិសជួយដល់សេដ្ឋកិច្ច បង្កើតសេដ្ឋកិច្ចក្នុងខេត្តឲ្យកាន់តែខ្លាំងនោះ នោះនឹងចូលរួមចំណែកជួយ ដល់សេដ្ឋកិច្ចមួយទាំងមូល។
លោកបានបញ្ជាក់ថា «កម្មវិធីពិសេសដែលរាជរដ្ឋាភិបាលបានផ្ដល់ គឺការជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគ មិនថាអ្នកវិនិយោគបរទេស និងអ្នកវិនិយោគខ្មែរ លើផ្នែកពន្ធដារ និងការលើកទឹកចិត្តមិនមែនពន្ធ (ជួយសម្រួលបែបបទផ្សេង) ចំពោះការលើកទឹកចិត្តផ្នែកពន្ធ នឹងត្រូវបានលើកទឹកចិត្ត រួមមានពន្ធគយ, អចនលទ្រព្យ ក្នុងចន្លោះ៥-៧ឆ្នាំជាដើម នេះជាហេតុផលមួយចំនួន ក្នុងការទាក់ទាញវិនិយោគ ក្នុងខេត្តព្រះសីហនុ»៕
សូមទស្សនាវីដេអូការលើកឡើងរបស់ លោក ឡុង ឌីម៉ង់៖