(ប៉េកាំង)៖ ប្រជាជនចិនកំពុងនាំគ្នាសម្រុកទិញមាសទុក បើទោះបីជាតម្លៃកើនឡើងក៏ដោយ ដោយសារលោហៈមានតម្លៃនេះត្រូវបានចាត់ទុកថាជាទ្រព្យសុវត្ថិភាពដ៏ល្អបំផុតក្នុងគ្រាដែលមានភាពមិនច្បាស់លាស់ខាងផ្នែកសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យជួបវិបត្តិ។ នេះបើយោងតាមកាសែតវៀតណាម VN Express។

កាសែតVN Expressបានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់កាសែត Business Insider ថា តម្លៃមាសបានកើនឡើងប្រហែល ១១% នៅក្នុងឆ្នាំនេះ។

ទោះយ៉ាងនេះក្តី អតិថិជនកាន់តែច្រើនឡើងៗដែលភាគច្រើនជាអ្នកដែលមិនមានទ្រព្យច្រើននិងមានលុយពីការសន្សំតិចតួចបានសម្រុកទៅកាន់ហាងមាស Caibai ដែលជាហាងលក់គ្រឿងអលង្ការដ៏ល្បីល្បាញនៅទីក្រុងប៉េកាំង ប្រទេសចិនដើម្បីទិញមាសទុកធ្វើជាមធ្យោបាយការពារទ្រព្យសម្បត្តិរបស់ពួកគេចំពេលដែលមានវិបត្តិសេដ្ឋកិច្ច។

នៅពេលដែលប្រទេសចិនកំពុងត្រដាបត្រដួសធ្វើឱ្យសេដ្ឋកិច្ចស្ទុះងើបឡើងវិញពីជំងឺរាតត្បាតជាច្រើនឆ្នាំ និងពីវិបត្តិវិស័យអចលនទ្រព្យ មាសនៅតែជាទ្រព្យសុវត្ថិភាពដ៏ល្អបំផុតសម្រាប់ពលរដ្ឋរបស់ខ្លួន។

អ្នកនាង Wang Anmei អ្នកលក់មាសនៅហាងមាស Caibai បានពន្យល់ថា៖ «មាសជាទ្រព្យដ៏គួរឱ្យទុកចិត្ត។ មនុស្សគិតថា វាជាការវិនិយោគដ៏ល្អបំផុត។ ក៏មានការវិនិយោគលើអចលនទ្រព្យ និងទីផ្សារភាគហ៊ុនផងដែរប៉ុន្តែសព្វថ្ងៃនេះ មនុស្សមានការស្ទាក់ស្ទើរលើការវិនិយោគទាំពីរនេះ ខណៈដែលមាសបានបន្តកើនឡើង»

តម្រូវការមានសម្រាប់ធ្វើជាទ្រព្យសុវត្ថិភាពបានជំរុញឱ្យការប្រើប្រាស់មាសរបស់ប្រទេសចិនកើនឡើង ៥,៩៤% នៅត្រីមាសទី១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៣០៨,៩១តោន នេះបើយោងតាមទិន្នន័យពីសមាគមមាសរបស់ប្រទេសចិនដែលដកស្រង់ដោយកាសែតប្រចាំថ្ងៃរបស់រដ្ឋចិន China Daily។

ការសម្រុកទិញមាសមិនត្រឹមតែត្រូវបានគេមើលឃើញកើតមានក្នុងចំណោមប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែធនាគារកណ្តាលចិនក៏បាននិងកំពុងទិញលោហៈមានតម្លៃនេះផងដែរ។ យោងតាមក្រុមប្រឹក្សាមាសពិភពលោក ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្តាលរបស់ចិនបានទិញមាសចំនួន ២២៥តោនក្នុងឆ្នាំ២០២៣ ដែលជាចំនួនច្រើនបំផុតសម្រាប់រយៈពេលតែមួយឆ្នាំគិតចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ១៩៩៧មក។

ក្រុមប្រឹក្សាមាសពិភពលោកបានឱ្យដឹងថា បរិមាណនេះក៏ធ្វើឱ្យធនាគារ PBOC ក្លាយជាអ្នកទិញមាសស្ថាប័នធំបំផុតរបស់ពិភពលោកផងដែរ៕