(ភ្នំពេញ)៖ កម្មវិធី «ការជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា (CSBA)» ក្នុងឆ្នាំ២០២៤ បានជ្រើសរើសក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណក្នុងវិស័យឯកជន ចំនួន ៣ ដើម្បីផ្តល់ការគាំទ្រលើការរៀបចំខ្លួនដើម្បីបោះផ្សាយសញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណចីរភាព។ ការបោះផ្សាយសញ្ញាបណ្ណទាំងនេះ នឹងគាំទ្រដល់គម្រោងដែលផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងសង្គម នៅប្រទេសកម្ពុជា។
កម្មវិធី CSBA បានឈានមកដល់វគ្គទី២ ដោយមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.), វិទ្យាស្ថានអភិវឌ្ឍន៍កំណើនបៃតងសកលប្រចាំប្រទេសកម្ពុជា (GGGI) និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) ដោយមានកិច្ចសហ-ប្រតិបត្តិការជាមួយសាជីវកម្មធានាឥណទានវិនិយោគ (CGIF) ដែលជាមូលនិធិបរធនបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃគ្រុបអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន។
បេក្ខជនដែលត្រូវបានជ្រើសរើស មានតម្រូវការវិនិយោគសរុប ចំនួន ១៤០ លានដុល្លារអាមេរិក លើវិស័យថាមពលកកើតឡើងវិញ និងវិស័យហិរញ្ញវត្ថុ។ ព័ត៌មានអំពីក្រុមហ៊ុនដែលត្រូវបានជ្រើសរើស មានដូចខាងក្រោម៖
១៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC (Cambodia) Plc
* ទំហំនៃការបោះផ្សាយ៖ ៥០ លានដុល្លារអាមេរិក សម្រាប់សញ្ញាបណ្ណចីរភាព។
* ការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយ៖ ១០ លានដុល្លារអាមេរិក សម្រាប់គម្រោងបៃតង និង ៤០ លានដុល្លារអាមេរិក សម្រាប់គម្រោងសង្គម។
* គោលដៅនៃការបោះផ្សាយ៖ នៅត្រីមាសទី៤ ឆ្នាំ២០២៤។
២៖ ក្រុមហ៊ុន SCHNEITEC Dynamic Co., Ltd
* ទំហំនៃការបោះផ្សាយ៖ ៥០ លានដុល្លារអាមេរិក សម្រាប់សញ្ញាបណ្ណគម្រោងបៃតង (គម្រោងផ្កាឈូករ័ត្ន)។
* ការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយ៖ ផ្តល់មូលនិធិដល់ការផលិតថាមពលពន្លឺព្រះអាទិត្យ។
* គោលដៅនៃការបោះផ្សាយ៖ នៅចន្លោះត្រីមាសទី៤ ឆ្នាំ២០២៤ និងត្រីមាសទី១ ឆ្នាំ២០២៥។
៣៖ ធនាគារ Wing (Cambodia) Plc
* ទំហំនៃការបោះផ្សាយ៖ ៤០ លានដុល្លារអាមេរិក សម្រាប់សញ្ញាបណ្ណសង្គម។
* ការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយ៖ ផ្តល់ប្រាក់កម្ចីសម្រាប់សហគ្រិនស្ត្រី, សហគ្រាសធុនតូច និងមធ្យម (SMEs) និងគ្រួសារដែលមានចំណូលទាប។
* គោលដៅនៃការបោះផ្សាយ៖ នៅត្រីមាសទី៤ ឆ្នាំ២០២៤។
ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណនៅក្នុងទីផ្សារកំពុងរីកចម្រើន តែងតែប្រឈមនឹងឧបសគ្គមួយចំនួន ជាពិសេស ការបោះផ្សាយសញ្ញាបណ្ណតាមគម្រោង (Thematic) (សញ្ញាបណ្ណបៃតង សង្គម និងចីរភាព) ក្រុមហ៊ុនប្រឈមនឹងឧបសគ្គជាច្រើនបន្ថែមទៀតដូចជា ការយល់ដឹង និងសមត្ថភាពរបស់ក្រុមហ៊ុនបោះផ្សាយនៅមានកម្រិត និងការចំណាយលើការបោះផ្សាយនៅមានតម្លៃខ្ពស់។
កម្មវិធីនេះ មានគោលបំណងកាត់បន្ថយបញ្ហាប្រឈមទាំងនេះ ដោយការផ្តល់នូវជំនួយបច្ចេកទេស, ការគាំទ្រផ្នែកហិរញ្ញវត្ថុ (តាមរយៈហិរញ្ញប្បទានរួមលើការត្រួតពិនិត្យរបស់ភាគីទីពីរ) និងការពង្រឹងកិច្ចគាំទ្រលើការវិនិយោគដល់ក្រុមហ៊ុនបោះផ្សាយដែលត្រូវបានជ្រើសរើស។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពដល់ការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយយោងតាមបច្ចុប្បន្នភាពរបស់ការរួមចំណែករបស់ជាតិ (NDC) ដើម្បីអនុវត្តការងារនេះ ត្រូវការមូលនិធិប្រមាណ ៧.៨ ប៊ីលានដុល្លារអាមេរិក។ ដូចនេះ សញ្ញាបណ្ណតាមគម្រោង ផ្តល់នូវយន្តការដ៏សំខាន់មួយ ដើម្បីតភ្ជាប់គម្លាតហិរញ្ញប្បទាននេះ និងប្រមូលផ្តុំការវិនិយោគសម្រាប់វិស័យសាធារណៈ និងឯកជនសម្រាប់គំនិតផ្តួចផ្តើមបៃតង និងនិរន្តរភាព។ ដូចគ្នានេះផងដែរ សញ្ញាបណ្ណទាំងនេះ នឹងរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និង NDC ព្រមទាំងឈានឆ្ពោះទៅរកការបង្កើតការងារបៃតងបន្ថែមទៀត»។
កម្មវិធីនេះ ត្រូវបានដាក់ឲ្យដំណើរការកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណបៃតង និងនិរន្តរភាពនៅប្រទេសកម្ពុជា និងគោលនយោបាយ, ឧបករណ៍ និងយន្តការពាក់ព័ន្ធនានា ដើម្បីជួយសម្រួលដល់ការផ្តល់ហិរញ្ញប្បទានដល់គំនិតផ្តួចផ្តើមការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ៕