(ប៉េកាំង)៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសចិនមានចំនួន ៣,២២ពាន់ពាន់លានដុល្លារអាមេរិកគិតត្រឹមចំណាច់ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួរបស់ចិន។
ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលរប្តូរប្រាក់បរទេស (SAFE) រដ្ឋចិនថា ចំនួនទឹកប្រាក់នេះបានធ្លាក់ចុះ ០,៣ភាគរយបើធៀបនឹងដំណាចខែមិថុនា ដោយសារការប្រែប្រួលតម្លៃរូបិយប័ណ្ណ និងតម្លៃទ្រព្យសមកម្ម។
រដ្ឋបាល SAFE បានពន្យល់ថា ដោយរងឥទ្ធិពលពីកត្តាផ្សេងៗដូចជាគោលនយោបាយរូបិយវត្ថុរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំៗ ការរំពឹងទុកទីផ្សារ និងទិន្នន័យម៉ាក្រូសេដ្ឋកិច្ច សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកនិងតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុសកលបានកើនឡើងក្នុងខែមិថុនា។
និយតករប្តូរប្រាក់នេះបានបន្តថា សេដ្ឋកិច្ចចិនបានរក្សាសន្ទុះនៃការងើបឡើងវិញរបស់ខ្លួន និងបន្តការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលអំណោយផលដល់ការរក្សាបាននូវកម្រិតស្ថិរភាពនៃប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសចិន។
យោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យដោយធនាគារប្រជាជននៃប្រទេសចិនដែលជាធនាគារកណ្តាលចិនបានបង្ហាញថា ទុនបម្រុងមាសរបស់ប្រទេសចិននៅតែមិនប្រែប្រួលនៅក្នុងខែមិថុនានៅចំនួន ៧២,៨លានអោនដែលស្មើនឹងប្រហែល ១៦៩,៧ពាន់លានដុល្លារអាមេរិក៕