(ហូជីមិញ)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានបញ្ឈប់ការលក់រថយន្តនាំចូលធុនតូច Yaris នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីបានចែកចាយអស់រយៈពេល ១៣ឆ្នាំក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមកាសែត VN Express។
យោងតាមកាសែត VN Express នាយកប្រតិបត្តិក្រុមហ៊ុន Toyota Vietnam បានបញ្ជាក់ថា រថយន្តម៉ូដែលនេះលែងស្ថិតក្នុងផលិតផលដែលត្រូវយកមកលក់របស់ក្រុមហ៊ុនទៀតហើយ ហើយក្រុមហ៊ុនចែកចាយផ្សេងៗ នាពេលបច្ចុប្បន្នកំពុងលក់រថយន្តដែលមានក្នុងស្តុកពីឆ្នាំ២០២៣។ ក្រុមហ៊ុនមិនបានបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តឈប់លក់រថយន្តម៉ូដែលនេះទេ។
ទោះជាយ៉ាងណា យោងតាមអ្នកគ្រប់គ្រងផ្នែកលក់នៅបន្ទប់តាំងបង្ហាញរថយន្តផ្លូវការរបស់ក្រុមហ៊ុន Toyota ក្នុងទីក្រុងហូជីមិញ ការលក់រថយន្ត Yaris បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារនិន្នាការកើនឡើងប្រជាប្រិយភាពរថយន្តប្រភេទ SUV និង CUVs ដែលជារថយន្តប្រភេទខ្ពស់។
នៅឆ្នាំ២០២០ ក្រុមហ៊ុនបានលក់រថយន្ត Yaris ចំនួន ១ ៥៦៩គ្រឿង ហើយចាប់ពីពេលនោះមក ការលក់បានបន្តធ្លាក់ចុះរហូតដល់មកនៅត្រឹម ១៣៤គ្រឿងក្នុងឆ្នាំ២០២៣ និងមកនៅត្រឹមតែ ៨គ្រឿងប៉ុណ្ណោះក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២៤។
កាសែត VN Express បានរាយការណ៍ថា កាលពីឆ្នាំ២០២០ ថយន្ត Honda Jazz ក៏ត្រូវបានបញ្ឈប់ការលក់ផងដែរនៅក្នុងប្រទេសវៀតណាមដោយសារការលក់បានធ្លាក់ចុះដល់កម្រិតទាប។ ក្រោយពីការដករថយន្ត Yaris ចេញពីទីផ្សារវៀតណាម ឥឡូវនេះមានតែរថយន្ត Suzuki Swift និងរថយន្ត Mazda2 ប៉ុណ្ណោះដែលនៅសល់ក្នុងទីផ្សាររថយន្តប្រភេទតូចនេះ។ ប៉ុន្តែក៏មានលេចចេញនូវរថយន្តអគ្គិសនី BYD Dolphin ដែលនាំចូលពីប្រទេសចិនផងដែរ។
រថយន្ត Swift ត្រូវបាននាំចូលពីរោងចក្ររបស់ក្រុមហ៊ុន Suzuki ក្នុងប្រទេសថៃ ដែលក្រុមហ៊ុនគ្រោងនឹងបិទរោងចក្រនេះនៅចុងឆ្នាំ២០២៥ ប៉ុន្តែក្រុមហ៊ុនបានឱ្យដឹងថា ខ្លួននឹងបន្តលក់ Swift នៅក្នុងប្រទេសវៀតណាម។
រថយន្ត Yaris ត្រូវបានចែកចាយដោយក្រុមហ៊ុន Toyota Vietnam តាំងពីឆ្នាំ២០១១ មកម្ល៉េះ៕