(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីនលោក Francisco Tiu Laurel បានថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីចុងសប្តាហ៍មុនថា ហ្វីលីពីនចង់ជំរុញកិច្ចសហប្រតិបត្តិការអង្ករជាមួយប្រទេសវៀតណាម ដើម្បីធានាសន្តិសុខស្បៀងរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងរបស់វៀតណាមកាលពីថ្ងៃចន្ទថា លោក Laurel បានធ្វើដំណើរទស្សនកិច្ចខេត្តអានយ៉ាងស្ថិតនៅដែនដីសណ្តមេគង្គ ដែលជាតំបន់ផលិតស្រូវដ៏សំខាន់មួយនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
វៀតណាមជាប្រទេសនាំចេញអង្ករធំទីបីរបស់ពិភពលោក ហើយប្រទេសហ្វីលីពីនជាអ្នកទិញអង្ករធំជាងគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការនាំចេញអង្កររបស់វៀតណាមទៅកាន់ប្រទេសហ្វីលីពីនមានចំនួន ៤៥,៤% នៃការនាំចេញអង្ករសរុបរបស់ខ្លួនក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ។
យោងតាមសេចក្តីថ្លែងការណ៍ដដែល លោក Laurel បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរវៀតណាមក្នុងអំឡុងពេលទស្សនកិច្ចនេះថា៖ «ចំនួនប្រជាជនហ្វីលីពីនកើនឡើង ១,៥% រៀងរាល់ឆ្នាំ ដែលជំរុញឱ្យមានតម្រូវការអង្ករកើនឡើង ខណៈដែលការផ្គត់ផ្គង់ក្នុងស្រុកមិនអាចផ្គត់ផ្គង់បាន ដូច្នេះហើយត្រូវតែបង្កើនការនាំចូល»។
សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងទៀតថា លោក Laurel ក៏បាននិយាយផងដែរថា លោកចង់ឱ្យក្រុមហ៊ុនអង្ករវៀតណាមពិចារណាលើការវិនិយោគនៅក្នុងប្រទេសហ្វីលីពីន។
វៀតណាម និងហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអង្ករ និងកសិកម្មក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងហាណូយរបស់ប្រធានាធិបតីលោក Ferdinand Marcos Jr កាលពីខែមករា។ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណា ហ្វីលីពីនបានទម្លាក់ពន្ធលើអង្ករមកនៅត្រឹម ១៥% ពីអត្រា ៣៥%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕