(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៤ ៨១៧ តោនកើនឡើង ១២០.៣៣% ដែលជំរុញឱ្យដំណាំនេះ កាន់តែមានសក្តានុពលក្នុងការនាំចេញ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះថា ទីផ្សារដែលបានស្រូបយកការនាំចេញមៀនស្រស់របស់កម្ពុជាច្រើនជាងគេ គឺទីផ្សារប្រទេសចិន បន្ទាប់ពីចិនអនុញ្ញាតឱ្យកម្ពុជា បាននាំចេញមៀនស្រស់ ទៅដោយផ្ទាល់កាលពីឆ្នាំ២០២២។
កញ្ញាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញថា ចាប់តាំងពីយើងចរចាបើកទីផ្សារ ហើយបានសម្រេចការនាំចេញដំបូងនៅចុងឆ្នាំ២០២២ យើងឃើញថាផ្លែមៀនស្រស់របស់កម្ពុជាត្រូវមាត់ប្រជាជនចិន ហើយការកុម្ម៉ង់បានកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម ដែលធ្វើការជាមួយកសិករ ដើម្បីដាំដុះមៀនដែលស្របតាមស្តង់ដារបច្ចេកទេស និងតម្រូវការរបស់ទីផ្សារប្រទេសចិន ជារឿងមួយដែលធានានូវស្ថេរភាពនៃការផ្គត់ផ្គង់មៀនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន។ ហើយប្រជាកសិករដែលដាំដុះមៀនស្រស់ ដោយអនុលោមទៅតាមស្តង់ដាររបស់អាជ្ញាធរគយចិននេះ គឺគាត់លក់ចេញបាននៅក្នុងតម្លៃខ្ពស់ បើធៀបនឹងកសិករដែលគាត់ដាំដុះតាមលក្ខណៈប្រពៃណី»។
សន្ទុះនៃការនាំចេញមៀនរបស់កម្ពុជា ទៅកាន់ប្រទេសចិនកើនឡើងជាបន្តបន្ទាប់នេះ ស្របពេលដែលផលិតផលមៀនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់នៅលើទីផ្សារអាលីបាបា កាលពីចុងឆ្នាំ២០២២ផងដែរ។
កញ្ញា អ៊ឹម រចនា បានឱ្យដឹងផងដែរ បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានចុះអនុស្សារណៈជាមួយក្រុមហ៊ុន អាលីបាបា ដាក់លក់ផ្លែមៀនស្រស់ នៅលើទីផ្សារអនឡាញអាលីបាបា បានធ្វើឱ្យទីផ្សារមៀនស្រស់របស់កម្ពុជា កាន់តែរីកធំថែមទៀត ពោលគឺមិនត្រឹមទៅដល់អ្នកដែលបញ្ជាទិញផ្ទាល់ នៅប្រទេសចិនប៉ុណ្ណោះទេ តែក៏ទៅដល់អតិថិជនដែលបញ្ជាទិញតាមទូរសព្ទដៃ យកទៅបរិភោគនៅតាមផ្ទះ ដោយគ្រាន់តែចុចបញ្ជានៅលើទូរសព្ទដៃ។
កញ្ញាលើកឡើងថា នេះគឺជាសញ្ញាណល្អមួយ ហើយក្រសួងនឹងបន្តធ្វើការជាមួយកសិករ និងភាគីពាក់ព័ន្ធផ្សេងៗ ជាពិសេសជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកទីផ្សារបន្ថែម។
កញ្ញាបន្ថែមថា តាមរយៈប្រព័ន្ធជវភាពនៃតួអង្គតែមួយ សម្រាប់អាណត្តិថ្មីនេះ ក្រសួងពាក់ព័ន្ធបានចាប់ផ្តើមចាប់ដៃ សហការគ្នាយ៉ាងសកម្ម។ ជាក់ស្តែងក្រសួងកសិកម្ម គឺជាអ្នកផលិត ខណៈក្រសួងពាណិជ្ជកម្ម ជាអ្នកដើររកទីផ្សារ ដើម្បីជំរុញឱ្យកសិផលរបស់កម្ពុជា មានទីផ្សារកាន់តែទូលំទូលាយនៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។
ជុំវិញការនាំចេញមៀនស្រស់នេះដែរ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានឱ្យដឹងថា សម្រាប់ការនាំចេញមៀនស្រស់របស់ខេត្តបាត់ដំបង គឺមានស្ថានភាពល្អប្រសើរ ដែលភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសចិន និងមួយចំនួនទៀតនាំចេញទៅកាន់ប្រទេសថៃ ខណៈតម្លៃវិញ ត្រូវវាយតម្លៃជារួម សម្រាប់កម្រិតពី១ដល់លេខ៤ ថ្លៃចន្លោះ៣០០០រៀលដល់៣៨០០រៀល។
សូមជម្រាបថា កម្ពុជាបានចាប់ផ្តើមនាំចេញផ្លែមៀនប៉ៃលិនស្រស់ ទៅទីផ្សារប្រទេសជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២២ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងបានដាក់លក់ជាផ្លូវការ នៅលើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២ ដែលធ្វើឱ្យអ្នកប្រើប្រាស់នៅចិន កាន់តែច្រើនស្គាល់ពីផលិតផលកសិកម្មកម្ពុជា ព្រោះចិនជាទីផ្សារធំដែលមានប្រជាជនជាង ១៤០០លាននាក់៕