(ហូជីមិញ)៖ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា តម្លៃនាំចេញអង្ករជាមធ្យមរបស់វៀណាមបានកើនឡើងជាង ១៨% នៅឆមាសទី១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត VN Express។
កាសែត VN Express បានរាយកាណ៍ថា អង្ករត្រូវបានលក់ក្នុងតម្លៃ ៩៥៩ដុល្លារអាមេរិកក្នុងមួយតោននៅប្រទេសប្រ៊ុយណេ ៨៦៨ដុល្លារនៅសហរដ្ឋអាមេរិក ៨៥៧ដុល្លារនៅហូឡង់ ៨៤៧ដុល្លារនៅអ៊ុយក្រែន ៨៣៦ ដុល្លារនៅអ៊ីរ៉ាក់ និង ៨៣១ដុល្លារនៅប្រទេសតួកគី។
ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំសហភាពអឺរ៉ុបបានឱ្យដឹងថា ពូជអង្ករក្រអូបពិសេសរបស់វៀតណាមដូចជា ST25, ST24, Nang Hoa និង OM ទទួលបានការពេញនិយមនៅលើទីផ្សារដោយសារគុណភាពលេចធ្លោរបស់ពូជអង្ករទាំងនោះ ដែលនាំឱ្យមានតម្លៃខ្ពស់នៅទីនោះ។
ក្នុងឆមាសទីមួយឆ្នាំនេះ ការនាំចេញអង្កររបស់វៀតណាមមានចំនួន ៤,៧លានតោន កើនឡើង ១០,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយប្រាក់ចំណូលពីការនាំចេញបានកើនឡើងដល់ជិត ៣ពាន់លានដុល្លារ កើនឡើង៣២%។ នេះបើយោងតាមកាសែត VN Express៕