(ញូវយ៉ក)៖ រដ្ឋបាលព័ត៌មានថាមពលអាមេរិកបានឱ្យដឹងនៅថ្ងៃអង្គារថា តម្រូវការប្រេងឆៅពិភពលោកនឹងកើនលើសការផ្គត់ផ្គង់នៅឆ្នាំក្រោយ ដែលផ្ទុយពីការព្យាករកន្លងមកដែលថាមានលើសតម្រូវការ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការផ្លាស់ប្តូរការព្យាករនេះបានកើតឡើងបន្ទាប់ពីអង្គការ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលរួមគ្នាហៅថា OPEC+ បានពង្រីកការកាត់បន្ថយទិន្នផលប្រេងរបស់ពួកគេរហូតដល់ឆ្នាំក្រោយនៅឯកិច្ចប្រជុំកាលពីខែមុន។ ក្រុមប្រទេសផលិតនេះបាននិងកំពុងរឹតបន្តឹងទិន្នផលតាំងពីចុងឆ្នាំ២០២២មក ដើម្បីពង្រឹងទីផ្សារប្រេងក្នុងគ្រាដែលមានការធ្លាក់ចុះតម្រូវការ អត្រាការប្រាក់ខ្ពស់ និងការធ្លាក់ចុះខ្លាំងនៃទិន្នផលផលិតកម្មរបស់សហរដ្ឋអាមេរិក។
ប្រសិនបើទីផ្សារធ្លាក់ចូលទៅក្នុងឱនភាព ក្រុមហ៊ុនចម្រាញ់ប្រេងនឹងត្រូវបង្ខំចិត្តយកប្រេងឆៅចេញពីស្តុកមកចម្រាញ់ដើម្បីបំពេញតម្រូវការ។ ការយកប្រេងឆៅចេញពីស្តុកនេះនឹងជំរុញឱ្យប្រេងឡើងថ្លៃ។
ទីភ្នាក់ងារថាមពលអន្តរជាតិ (EIA) បានឱ្យដឹងថា នៅឆ្នាំក្រោយឱនភាពប្រេងនឹងមានចំនួនតិចជាងឆ្នាំនេះ។ ទីភ្នាក់ងារ EIA បានឱ្យដឹងនៅក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យថាមពលរយៈពេលខ្លីប្រចាំខែរបស់ខ្លួនថា តម្រូវការប្រេងសកលនឹងមានជាមធ្យមប្រហែល ១០៤,៧លានបារ៉ែលក្នុងមួយថ្ងៃ (bpd) នៅឆ្នាំក្រោយ ខណៈពេលដែលការផ្គត់ផ្គង់នឹងមានប្រហែល ១០៤,៦លានបារ៉ែលក្នុងមួយថ្ងៃ។
ក្នុងការព្យាករមុនរបស់ខ្លួន ទីភ្នាក់ងារ EIA បានព្យាករថា តម្រូវការប្រេងសកលមានប្រហែល ១០៤,៥លានបារ៉ែលក្នុងមួយថ្ងៃ ហើយការផ្គត់ផ្គង់មាន ១០៤,៧លាននៅ។
ការព្យាកររបស់ទីភ្នាក់ងារ EIA បានបង្ហាញថា ទិន្នផលកាន់តែទាបរបស់អង្គការ OPEC+ ក៏កំពុងធ្វើឱ្យមានឱនភាពផ្គត់ផ្គង់កាន់តែច្រើនផងដែរក្នុងរយៈពេលនៅសល់ក្នុងឆ្នាំនេះ។ យោងតាមរបាយការណ៍ដដែលបានបង្ហាញថា តម្រូវការប្រេងពិភពលោកនឹងមានកម្រិតលើសទិន្នផលប្រេងប្រហែល ៧៥០ ០០០បារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤។ តែការព្យាករពីមុនបានបង្ហាញថាមានឱនភាពតែប្រហែល ៥៥០ ០០០បារ៉ែលប៉ុណ្ណោះក្នុងឆមាសទីពីរឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕