(ភ្នំពេញ)៖ កម្ពុជាបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យជាង៧៧ម៉ឺនគ្រឿង នៅឆ្នាំ២០៣០ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈ ការធានាសន្តិសុខថាមពលជាតិ និងចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាជនលើការប្រើប្រាស់មធ្យោបាយធ្វើដំណើរ។
ការដាក់ចេញនូវគោលដៅនេះ ស្របពេលដែលកម្ពុជា បានដាក់ចេញ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គីសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។ ចក្ខុវិស័យនៃគោលនយោបាយជាតិ គឺប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានការប្រើប្រាស់យានយន្តអគ្គិសនីក្នុងកម្រិតសុភបរមា (optimal) ដើម្បីគាំទ្រ និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងធានានូវសុខុមាលភាពប្រជាជន។
តាមរយៈគោលនយោបាយជាតិនេះ កម្ពុជាបានកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង ដោយក្នុងនោះរថយន្តទេសចរណ៍អគ្គិសនីសុទ្ធ (private cars) មានចំនួន២៥ ០០០គ្រឿង និងរថយន្តអគ្គិសនីសុទ្ធបម្រើក្នុងសកម្មភាពអាជីវកម្ម(commercial cars) មានចំនួន៥ ០០០គ្រឿង ទោចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន៧២០ ០០០គ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន២០ ០០០គ្រឿង។
តាមរយៈគោលនយោបាយជាតិនេះ បានលើកឡើងថា ការប្រើប្រាស់យានយន្តអគ្គិសនីមានលក្ខណៈសន្សំសំចៃខ្ពស់ជាងការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ យានយន្តអគ្គិសនីមានប្រសិទ្ធផល ខ្ពស់ជាងថាមពលម៉ាស៊ីនប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ៥ទៅ៦ដង នៅក្នុងការបំប្លែងថាមពលទៅជាចលនាដែលធ្វើឱ្យចំណាយទាបក្នុងការផ្លាស់ទី។ ជាក់ស្តែងនៅក្នុងចម្ងាយផ្លូវ១០០គីឡូម៉ែត្រ ការប្រើប្រាស់រថយន្តអគ្គិសនីត្រូវចាយថវិកា ប្រមាណ ៩ ៦៣៣រៀល ចំណែកការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈត្រូវចំណាយថវិការហូតដល់ ៣៥ ៧២៣រៀល។
បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា និន្នាការនៃការប្រើប្រាស់យានយន្តអគ្គិនីនៅកម្ពុជា មានកើតឡើងជារៀងរាល់ថ្ងៃ ក្នុងនោះប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ទនៈចំហេះ ។
លោកលើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជាមានប្រមាណ ២ ៩៦៨គ្រឿង ក្នុងនោះរថយន្តមានចំនួន ១ ៦១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងទោចក្រយានយន្តចំនួន ៩១៤គ្រឿង។
លោក ផន រឹម បានឱ្យដឹងទៀតថា សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៤នេះ ធៀបនឹងរយៈពេល ៦ខែឆ្នាំ២០២៣ ការចុះបញ្ជីទោចក្រយានយន្ត (ម៉ូតូ) កើនឡើង ៣៨០%, ត្រីចក្រយានយន្ត (ម៉ូតូកង់បី) ថយចុះ ២៩% និង រថយន្ត កើនឡើង ៥០៨%។ ប្រភេទរថយន្តអគ្គិសនីដែលបានចុះបញ្ជីមានដូចជា៖ BYD , TOYOTA, TESLA, BMW, AION, MG, DENZA, VOLKSWAGEN, GAC, LETIN ។
ចំណែកទីតាំងបញ្ចូលថាមពលគិតត្រឹមដើមឆ្នាំ២០២៤ មានចំនួន២១កន្លែងដែលមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីលឿនខ្លាំងសរុបមានចំនួន២៧គ្រឿង៕