(ភ្នំពេញ)៖ ស្របពេលដែលមានការយកចិត្តទុកដាក់ខ្លាំង ពីប្រមុខរាជរដ្ឋាភិបាល ទៅលើការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា (SMEs) បានជួយឱ្យផលិតកម្មរបស់ SMEs នៅកម្ពុជាអាចបោះជំហានទៅមុខកាន់តែលឿន និងមានសមត្ថភាពប្រកួតប្រជែងទាំងជាមួយផលិតផលនាំចូល និងឈានទៅដល់ការនាំចេញ ដោយគេសង្កេតថា ផលិតផលទាំងនោះកាន់តែមានគុណភាពស្តង់ដារ ឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះដែរ សិប្បកម្មចំណីអាហារខ្នាតតូច ដែលធ្លាប់តែផលិត និងកែច្នៃតាមបែបប្រពៃណី បានចាប់ផ្តើមវិវឌ្ឍន៍ខ្លួនបន្តិចម្តងៗ មកផលិតតាមបច្ចេកទេសថ្មី ស្របតាមរីកចម្រើននៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារ ដែលធ្វើឱ្យទំនិញរបស់ពួកគេមានទីផ្សារកាន់តែធំ។
ផ្តើមចេញពីអ្នកលក់សាច់ជ្រូកនៅតាមផ្សារធម្មតា និងជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកផងនោះ អ្នកស្រីសុង លីហួន បានផ្តើមដំណើរការបើកសិប្បកម្មផលិតសាច់ក្រកធ្វើពីសាច់គោ និងសាច់ជ្រូក នៅឆ្នាំ២០១៦ ដោយផលិតដំបូងក្នុងបរិមាណតិចតួចប៉ុណ្ណោះ តាមរយៈការផលិតដោយដៃ បែបលក្ខណៈគ្រួសារ។
ក្រោយមកដោយសារតម្រូវការទីផ្សារកើនឡើង អ្នកស្រីបានបង្កើនការផលិត ដោយផ្លាស់ប្តូរមកប្រើប្រាស់ម៉ាស៊ីនវិញ ដែលធ្វើឱ្យការផលិតកាន់តែមានស្តង់ដារអនាម័យ។ ក្រោយការផ្លាស់ប្តូរពីការផលិតដោយដៃ មកម៉ាស៊ីន ការផលិតសាច់ក្រក របស់សិប្បកម្មសាច់ក្រក និងសាច់ងៀតខេត្តសៀមរាប ដែលគ្រប់គ្រងដោយសហគ្រិនស្រ្តីវ័យកណ្តាលរូបនេះ បានកើនឡើងជាង១០ដង ពោលគឺកើនពីមួយថ្ងៃ២០គីឡូក្រាម មក៣០០ទៅ៤០០គីឡូក្រាមក្នុងមួយថ្ងៃ។
បច្ចុប្បន្ននេះ អ្នកស្រីកំពុងពង្រីកទីផ្សារបន្ថែម ជាពិសេសទៅតាមបណ្តាផ្សារទំនើបនានា ខណៈដែលផលិតផលនេះ ក៏ទទួលបានស្តង់ដារបញ្ជាក់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។ ជាមួយគ្នានេះ អ្នកស្រី អំពាវនាវឱ្យសហគ្រាសខ្នាតតូចចុះបញ្ជីឱ្យត្រឹមត្រូវតាមច្បាប់ ដើម្បីងាយស្រួលទទួលឥណទានពង្រីកអាជីវកម្ម និងការគាំទ្រពីក្រសួងពាក់ព័ន្ធ។
ការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាពេលដែលមនុស្សម្នាគ្រប់គ្នា គិតគូរពីសុខភាព។ នេះក៏ជាឱកាសមួយដែលអ្នកស្រី សេង សំណាង បានចាប់ផ្តើមបើកសិប្បកម្មផលិតម្ស៉ៅពីរុក្ខជាតិ ដូចជាម្ស៉ៅចេក ខ្មី រមៀត ពន្លៃ និងបន្លែផ្សេង ដើម្បីដាក់លក់នៅលើទីផ្សារ សម្រាប់អ្នកដែលគិតគូរពីសុខភាព ទទួលទាន ដោយការផលិតនិងការវេចខ្ចប់ ធ្វើឡើងដោយដៃ។
អ្នកស្រី សេង សំណាង ដែលបច្ចុប្បន្នជានាយិកាសហគ្រាស JMLH ស្ថិតនៅខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា បន្ទាប់ពីអ្នកស្រីបានផ្លាស់ប្តូរការផលិតនិងការវេចខ្ចប់ដោយដៃ មកប្រើប្រាស់ម៉ាស៊ីន បានធ្វើឱ្យការផលិតកាន់តែមានបរិមាណច្រើនជាងមុន ការវេចខ្ចប់កាន់មានស្តង់ដារគុណភាព និងមានភាពទាក់ទាញ ខណៈការប្រើប្រាស់កម្លាំងពលកម្មក៏តិចជាងមុន។ ចំណែកទីផ្សារវិញក៏កាន់តែរីកធំជាងធំផងដែរ។
អ្នកស្រី អូន សុគន្ធា ម្ចាស់សហគ្រាសផលិតប្រេងខ្យល់ ប្រេងកូឡា រូបនាគព្រួសភ្លើង ដែលផលិតបែបគ្រួសារ លក្ខណៈអាជីវកម្មខ្នាតតូចអស់រយៈកាលជាង១០ ឆ្នាំ បាននិងកំពុងពង្រីកខ្លួនជាអាជីវកម្មស្ដង់ដាឱ្យធំជាងមុន ដើម្បីឱ្យផលិតផលសម្រាប់សង្រ្គោះបឋមមួយនេះ ទទួលស្គាល់ពីអ្នកប្រើប្រាស់ជាតិ និងអន្តរជាតិ និងឈានទៅដល់ការនាំចេញនាពេលខាងមុខ។
វិស័យសហគ្រាសធុនតូច និងមធ្យម គឺជាសសរគ្រឹះដ៏សំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះ SME គឺរាប់បញ្ចូលទាំងការផលិតទំនិញ ឬផលិតផលសម្រាប់ការរស់នៅប្រចាំថ្ងៃដូចជា ចំណីអាហារ ទំនិញប្រើប្រាស់ ផលិតផលបម្រើឱ្យវិស័យទេសចរណ៍ និងទំនិញកែច្នៃមួយចំនួន។ នៅពេលវិស័យ SME មានដំណើរការល្អ វាមិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតការងារ និងប្រាក់ចំណូលបុគ្គល គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយលើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុកពីការផលិតទំនិញតូចៗ ឱ្យទៅជាការផលិតបែបឧស្សាហកម្ម និងប្រើប្រាស់បច្ចេកទេសទំនើបៗផងដែរ។
ថ្លែងក្នុង«ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម» អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកទឹកចិត្តម្ចាស់សហគ្រាសធុនមីក្រូ, តូច, និង មធ្យម ទាំងអស់ ទាញយកអត្ថប្រយោជន៍ ឲ្យបានជាអតិបរមា ពីការគាំទ្រទាំងឡាយរបស់រាជរដ្ឋាភិបាលដើម្បីបន្តអភិវឌ្ឍខ្លួន, បង្កើនសមត្ថភាព និង ផលិតភាព, ជាពិសេស តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថល, ការបង្កើនភាពធន់ សំដៅឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់ នៃនិន្នាការតំបន់ និង សកល, ព្រមទាំងការចូលរួមជាមួយរាជរដ្ឋាភិបាល ឲ្យបានពេញលេញ ក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា មានប្រមាណជាង៧៥ម៉ឺនសហគ្រាស ក្នុងនោះមានសហគ្រាសប្រមាណជាង៤៤ ៦២៨ មូលដ្ឋាន បានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម គិតត្រឹមឆ្នាំ២០២៣៕