(ហាណូយ)៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងអាជីវកម្មឌីជីថលផ្សេងៗដែលមិនមានវត្តមានទីតាំងនៅវៀតណាមបានបង់ពន្ធចំនួន ៤,០៤ពាន់ពាន់លានដុង (១៥៨,៩លានដុល្លារអាមេរិក) តាមអ៊ីនធឺណិតនៅឆមាសទី១ ឆ្នាំ២០២៤ កើនឡើង ១៨,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត VN Express។
យោងតាមកាសែត VN Express ក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងថា ចំនួនក្រុមហ៊ុនផ្តល់សេវាពាណិជ្ជកម្មអេឡិចត្រូនិចនិងអាជីវកម្មឌីជីថលបរទេសដែលបានចុះបញ្ជីបង់ពន្ធតាមវិបផតថលអេឡិចត្រូនិចបានកើនឡើងចំនួន ២៦ក្រុមហ៊ុនធៀបនឹងដំណាច់ឆ្នាំ២០២៣ ដល់ ១០២ក្រុមហ៊ុនគិតត្រឹមដំណាក់ខែមិថុនា។
ក្នុងចំណោមក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុន Google, Meta (Facebook), Microsoft, Netflix និង Apple ។ រហូតមកដល់ពេលនេះ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិនិងក្នុងស្រុកប្រហែល ៣៨៣ ត្រូវបានចុះបញ្ជីនៅលើវិបផតថលអេឡិចត្រូនិចរបស់វៀតណាម កើនឡើង២២ គិតចាប់ពីដំណាច់ឆ្នាំ២០២៣។
សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានចាត់ថ្នាក់ជាប្រាំបីក្រុមដែលរួមមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក គេហទំព័រឬកម្មវិធីជួញដូរអនឡាញ វេទិកាបណ្តាញទំនាក់ទំនងសង្គម វេទិកាដឹកជញ្ជូននិងចែកចាយ វេទិកាទីភ្នាក់ងារឌីជីថល សេវាកម្មជាវ សេវាកម្មផ្សាយពាណិជ្ជកម្ម និងវេទិកាហាងកម្មវិធីទូរស័ព្ទ។
យោងតាមអគ្គនាយកដ្ឋានពន្ធដាររបស់វៀតណាម ការបង់ពន្ធពីសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកមានចំនួន ៩៧ពាន់ពាន់លានដុង (៣,៨១ពាន់លានដុល្លារ) កាលពីឆ្នាំមុន កើនឡើង ១៤% ធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមកាសែត VN Express៕