(សិង្ហបុរី)៖ របាយការណ៍ស្តីពីទ្រព្យសម្បត្តិពិភពលោកដែលចេញផ្សាយដោយធនាគារស្វីស UBS បានបង្ហាញថា ចំនួនសេដ្ឋីនៅប្រទេសសិង្ហបុរីបានកើនឡើង ០,៤% ដល់ ៣៣៣ ២០៤នាក់កាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត VN Express។
កាសែត VN Express បានរាយការណ៍ថា ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី២២ ក្នុងចំណោមប្រទេសចំនួន ៥៦ ដែលបានសិក្សានៅក្នុងរបាយការណ៍នេះ។ ចំនួនសេដ្ឋីរបស់ប្រទេសសិង្ហបុរីត្រូវបានរំពឹងថានឹងកើនឡើង ១៣% ដល់ ៣៧៣ ៧២៥ ក្នុងឆ្នាំ២០២៨។
សេដ្ឋីនៅប្រទេសសិង្ហបុរីមានទ្រព្យសម្បត្តិសរុបរួមគ្នាចំនួន ១,២ពាន់ពាន់លានដុល្លារ ហើយចំនួនសេដ្ឋីនេះស្មើនឹង ៦,៦% នៃប្រជាជនសរុបរបស់សិង្ហបុរី។
កាសែត VN Express បានរាយការណ៍ទៀតថា សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់កំពូលក្នុងការសិក្សានេះដែលមានសេដ្ឋីចំនួន ២១,៩៥លាននាក់កាលពីឆ្នាំមុន បន្ទាប់មកគឺប្រទេសចិនដីគោក ចក្រភពអង់គ្លេស និងបារាំង។
ប្រទេសដែលគួរឱ្យកត់សម្គាល់ផ្សេងទៀតនៅអាស៊ីរួមមានប្រទេសជប៉ុនដែលមានសេដ្ឋីចំនួន ២,៨៣លាននាក់ ឥណ្ឌា (៨៦៨ ៧០០នាក់) និងទីក្រុងហុងកុង (៦២៩ ២០០នាក់)។
បើនិយាយពីទ្រព្យសម្បត្តិក្នុងមនុស្សពេញវ័យម្នាក់វិញ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ ៨ នៅទូទាំងពិភពលោកដែលមានចំនួន ៣៩៧ ៧០០ដុល្លារក្នុងមនុស្សម្នាក់។
របាយការណ៍ដដែលនេះបានឱ្យដឹងទៀតថា៖ «នៅក្នុងប្រទេសជាទីដែលកំណើនទ្រព្យសម្បត្តិជាមធ្យមខ្ពស់ជាងកំណើនមធ្យមដូចជាប្រទេសសិង្ហបុរី វាហាក់ដូចជាថាការកើនឡើងទ្រព្យសម្បត្តិភាគច្រើនបានផ្តល់អត្ថប្រយោជន៍ដល់ក្រុមមនុស្សដែលមានប្រាក់ចំណូលខ្ពស់»។
ប្រទេសស្វីសទទួលបានចំណាត់ថ្នាក់កំពូលដោយមានទ្រព្យសម្បត្តិចំនួន ៧០៩ ៦០០ក្នុងមនុស្សម្នាក់បន្ទាប់មកប្រទេសលុចសំបួរ ទីក្រុងហុងកុង និងសហរដ្ឋអាមេរិក។ នេះបើយោងកាសែត VN Express៕