(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យយានយន្តអគ្គិសនីជាវិស័យមួយ ក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកដល់ការជំរុញសម្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច នាពេលខាងមុខ ខណៈព្យាករថាយានយន្តអគ្គិសនី នឹងរួមចំណែកប្រមាណ៥០% នៃការលក់យានយន្តថ្មី នៅទូទាំងពិភពលោកនៅឆ្នាំ២០៣៥ និងប្រមាណ៦១% នៅឆ្នាំ២០៤០។
ដើម្បីជំរុញការទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគលើការបើករោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ដែលជាទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗទៅតាមលទ្ធភាព និងធនធានរាជរដ្ឋាភិបាល។
កន្លងមក ដោយសារកម្ពុជាមិនទាន់មានគោលនយោបាយគ្រប់ជ្រុងជ្រោយ និងការផ្ដល់ការលើកទឹកចិត្តគ្រប់គ្រាន់ ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ សម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ដូចបណ្ដាប្រទេសក្នុងតំបន់។ កត្តាទាំងនេះបានផ្តល់ភាពមិនច្បាស់លាស់ សម្រាប់អ្នកប្រើប្រាស់និងវិនិយោគិន។
យោងតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី បានបញ្ជាក់ថា ការទាក់ទាញវិនិយោគ និងការផ្តល់បរិយាកាសធុរកិច្ចអំណោយផលដល់វិនិយោគិន មានសារសំខាន់ក្នុងការស្រូបទាញនូវបច្ចេកវិទ្យា ជំនាញ និងធនធាន ដែលកម្ពុជាកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន។ ហេតុដូច្នេះហើយ គោលនយោបាយជាតិសម្រេចដាក់ចេញនូវវិធានការ ដូចខាងក្រោម៖
១- ពង្រឹងការទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់បរិយាកាសធុរកិច្ច ក្នុងវិស័យយានយន្តអគ្គិសនីដោយបុរសកម្ម
២- ពិនិត្យនិងកែលម្អបន្ថែមលើគោលនយោបាយ លើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ លើការវិនិយោគក្នុងការដំឡើង និងផលិតគ្រឿងបង្គុំយានយន្តអគ្គិសនី
៣- កំណត់ទីតាំងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ចង្កោមវិស័យយានយន្តអគ្គិសនី និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ
៤- ពង្រីកទីផ្សារនាំចេញគ្រឿងបង្គុំយានយន្តអគ្គិសនី តាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក (Country + Stargegies)
៥- ពិនិត្យលទ្ធភាពផ្តល់ការលើកទឹកចិត្ត ចំពោះការកែច្នៃយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ទៅជាយានយន្តអគ្គិសនី និងការរៀបចំទីកន្លែងកម្ទេចយានយន្ត ការកែច្នៃ និងការប្រើប្រាស់អាគុយឡើងវិញ
៦- ពិនិត្យលទ្ធភាពលើកទឹកចិត្តផ្នែកបទប្បញ្ញត្តិ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ឥណទានដល់វិនិយោគិន ក្នុងក្របខ័ណ្ឌនៃគោលនយោបាយឥណទានបៃតង
៧- រៀបចំសិក្ខាសាលាផ្សព្វផ្សាយជាប្រចាំ ជាមួយវិស័យឯកជន អំពីយន្តការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគលើយានយន្តអគ្គិសនី
៨- ពង្រឹងយន្តការតាមដាន និងវាយតម្លៃឧស្សាហកម្ម ក្រោយទទួលបានការលើកទឹកចិត្ត។
ជាមួយគ្នានេះ កម្ពុជាមានសមត្ថភាពអាចផលិតគ្រឿងបង្គុំសាមញ្ញរបស់យានយន្តទូទៅ។ ជាក់ស្តែងកម្ពុជាឧស្សាហកម្ម ផលិតគ្រឿងបង្គុំក្នុងស្រុកដូចជា ខ្សែភ្លើង និងក្រុមហ៊ុនផលិតសំបកកង់ឡានជាដើម ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មដំឡើងរថយន្ត នៅតាមប្រទេសក្នុងតំបន់។ ឈរលើមូលដ្ឋានឧស្សាហកម្មនេះ កម្ពុជាអាចចាប់យកកាលានុវត្តភាពដ៏សំខាន់ ក្នុងការផ្សារភ្ជាប់ខ្សែច្រវ៉ាក់គ្រឿងបង្គុំយានយន្តអគ្គិសនីសាកលដែលរំពឹងថា នឹងកើនឡើងខ្ពស់នៅឆ្នាំ២០៣០។
ទន្ទឹមនឹងនេះ ដោយសារគ្រឿងបង្គុំយានយន្តអគ្គិសនីភាគច្រើនជាគ្រឿងបង្គុំ ដែលមានភាពស្មុគស្មាញកម្រិតមធ្យម និងមានទម្ងន់ស្រាលជាងគ្រឿងបង្គុំយានយន្តទូទៅ កម្ពុជាអាចមានភាពប្រកួតប្រជែងថ្លៃដើម សម្រាប់ការផលិតគ្រឿងបង្គុំយានយន្តអគ្គិសនី នៅក្នុងសតវត្សខាងមុខ។
តាមរយៈការរៀបចំនូវគោលនយោបាយនេះ រាជរដ្ឋាភិបាលបាន ក៏គិតគូរពីការពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់គ្រឿងបង្គុំរហូតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមមានស្ថានីយ៍បញ្ចូលថាមពើល និងបណ្តាញតភ្ជាប់ ព្រមទាំងយន្តការលើកទឹកចិត្តផ្សេងៗ ដើម្បីជំរុញការប្រើប្រាស់ ការវិនិយោគ និងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីផងដែរ។
នាពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី គឺជានិន្នាការសកលដែលកំពុងកើនឡើងយ៉ាងលឿន។ ការលក់យានយន្តអគ្គិសនីសកលបានកើន២២៤% ពីប្រមាណ ៣.២លានគ្រឿងក្នុងឆ្នាំ២០២០ រហូតដល់ប្រមាណ ១០លានគ្រឿងក្នុងឆ្នាំ២០២២ ដែលទីផ្សារយានយន្តអគ្គិសនីសកលមានទំហំប្រមាណ ២០៥.៦ប៊ីលានដុល្លារអាមេរិក ឬប្រមាណ១០% នៃទីផ្សារលក់យានយន្តក្នុងសកលលោក។ បន្ថែមពីនេះ ស្ថាប័នស្រាវជ្រាវអន្តរជាតិនានាបានព្យាករថា យានយន្តអគ្គិសនី និងរួមចំណែកប្រមាណ៥០% នៃការលក់យានយន្តថ្មីនៅទូទាំងពិភពលោក នៅឆ្នាំ២០៣៥ និងប្រមាណ៦១% នៅឆ្នាំ២០៤០។
ប្រទេសធំៗដែលបានចាប់ផ្តើមជំរុញការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនីមុនគេបង្អស់ ជាពិសេសប្រទេសចិន និងសហភាពអឺរ៉ុប ដោយបានចាប់ផ្តើមដំបូង ដោយការដាក់ចេញគោលនយោបាយលើកទឹកចិត្តជំរុញ ការប្រើប្រាស់យានយន្តអគ្គិសនីទេសចរណ៍៕