(ភ្នំពេញ)៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានទូទាត់សេវាបំណុលដល់ភាគីម្ចាស់កម្ចីសរុបចំនួន ១៨១.៥៥ លានដុល្លារអាមេរិក កើនឡើង ០.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងចំណោមការទូទាត់បំណុលជិត២០០លានដុល្លារនេះ បានទូទាត់បំណុលសាធារណៈក្រៅប្រទេសមានចំនួន ១៨១ លានដុល្លារអាមេរិក ដែលក្នុងនោះប្រាក់ដើមមានចំនួន ១៤២.៤០ លានដុល្លារអាមេរិក និងការប្រាក់រួមទាំងប្រាក់កម្រៃផ្សេងៗចំនួន៣៨.៦០ លានដុល្លារអាមេរិក។ ចំណែកការទូទាត់បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ០.៥៥លានដុល្លារអាមេរិក ដែលទឹកប្រាក់ទាំងនេះ គឺជាការប្រាក់។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១១.០៩ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ៩៩.១២% ត្រូវប្រមាណ ១១ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង០.៨៨% ត្រូវនឹងប្រមាណ ៩៨លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។
ចិនជាប្រទេសដែលផ្តល់កម្ចីច្រើនជាងគេដល់កម្ពុជា ដែលមានចំណែក ៣៦% មានទឹកប្រាក់ប្រមាណ ៣.៩៩ពាន់លានដុល្លារ, ចំណែកជប៉ុន មានចំណែកប្រមាណ ១១% មានទឹកប្រមាណជាង ១.២១ពាន់ដុល្លារ, កូរ៉េ ៥% ប្រមាណ ៥៥០លានដុល្លារ, បារាំង ៥% មានទឹកប្រាក់ ប្រមាណ ៥៥០លានដុល្លារ ព្រមទាំងបំណុលមរតកមានចំនួន ៦% ដែលមានទឹកប្រាក់ ៦៦០លានដុល្លារ, ចំណែកបំណុលពហុភាគីវិញ កម្ពុជាជំពាក់ធនាគារអភិវឌ្ឍន៍អាស៊ី ២១% ដែលមានចំនួនទឹកប្រមាណ ២.៣២ពាន់លានដុល្លារ, ធនាគារពិភពលោក ១២% ប្រមាណ ១.៣៣ពាន់លានដុល្លារ និងពហុភាគីផ្សេងទៀត ៣% ប្រមាន ៣៣០លានដុល្លារ។
យោងតាមលទ្ធផលបឋមនៃការវិភាគចីភាពបំណុលរហូតដល់ដំណាច់ឆ្នាំ២០២៤ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលនៃវិបត្តិជំងឺកូវីដ១៩ក្តី និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ក៏ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង«ហានិភ័យកម្រិតទាប»ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះអនុបាតតម្លៃបច្ចុប្បន្ន នៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស មានត្រឹមកម្រិត១៩% ធៀបនឹងអនុបាតគោល ៤០%៕