(តូក្យូ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនសម្រាប់ឆ្នាំនេះ ដោយសារការអាក់ខានដល់ទិន្នផលរថយន្តបណ្តោះអាសន្ន និងការវិនិយោគឯកជនទាបនៅក្នុងត្រីមាសទីមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប៉ុន្តែមូលនិធិ IMF បានផ្តល់ចក្ខុវិស័យប្រកបដោយសុទិដ្ឋិនិយមលើការប្រើប្រាស់ដោយសារតែការរំពឹងទុកថា ការដំឡើងប្រាក់បៀវត្សរ៍ខ្ពស់ដែលផ្តល់ដោយក្រុមហ៊ុននៅក្នុងការចរចាប្រាក់ឈ្នួលនិទាឃរដូវនៅឆ្នាំនេះនឹងបង្កើនប្រាក់ចំណូលគ្រួសារ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់បច្ចុប្បន្នភាពរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកដែលចេញផ្សាយដោយមូលនិធិ IMF ថា៖ «នៅក្នុងប្រទេសជប៉ុន កាដំឡើងប្រាក់ឈ្នួលដ៏រឹងមាំរំពឹងថានឹងគាំទ្រដល់ការផ្លាស់ប្តូរការប្រើប្រាស់ឯកជនដែលចាប់ផ្តើមនៅឆមាសទី២»។
មូលនិធិ IMF បានឱ្យដឹងថា ខ្លួនរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងកើនឡើង ០,៧ភាគរយនៅឆ្នាំនេះ ធ្លាក់ចុះ ០,២ភាគរយពីការព្យាកររបស់ខ្លួនក្នុងខែមេសា បន្ទាប់ពីការកើនឡើង ១,៩ភាគរយក្នុងឆ្នាំ២០២៣។ សម្រាប់ឆ្នាំ២០២៥ មូលនិធិ IMF បានរក្សាការព្យាករសម្រាប់សេដ្ឋកិច្ចរបស់ជប៉ុនថានឹងកើនឡើង ១ភាគរយដដែល។
ភាពទន់ខ្សោយក្នុងការប្រើប្រាស់នាពេលថ្មីៗនេះត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងថាជាកត្តាដែលអាចរារាំងធនាគារកណ្តាលជប៉ុន (BOJ) មិនឱ្យដំឡើងអត្រាការប្រាក់លឿនពេកពីកម្រិតជិតសូន្យបច្ចុប្បន្ន។
លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុនបានសម្តែងសុទិដ្ឋិនិយមចំពោះចក្ខុវិស័យសម្រាប់ការប្រើប្រាស់ដោយនិយាយថា វាទំនងជានឹងស្ទុះងើបឡើងវិញនៅពេលដែលការដំឡើងប្រាក់ឈ្នួលកាន់តែទូលំទូលាយ និងជំរុញអំណាចទិញរបស់គ្រួសារ។
ប្រភពនានាបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ធនាគារកណ្តាលជប៉ុនទំនងជានឹងកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនេះនៅក្នុងខែកក្កដា ប៉ុន្តែអតិផរណានឹងនៅតែស្ថិតនៅរង្វង់អត្រាជាទិសដៅ ២ភាគរយរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយរក្សាឱកាសនៃការដំឡើងអត្រាការប្រាក់នៅខែនេះ៕