(បាងកក)៖ ភ្ញៀវទេសចរមកពីប្រទេសចំនួន ៩៣ប្រទេសនិងដែនដីឥឡូវនេះអាចចូលទស្សានប្រទេសថៃដោយមិនចាំបាច់មានទិដ្ឋាការស្ថិតក្រោមគោលការណ៍ថ្មីដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
បញ្ជីឈ្មោះប្រទេសនិងដែនដីត្រូវបានចុះផ្សាយក្នុងសៀវភៅរាជកិច្ចរបស់ប្រទេសថៃនៅយប់ថ្ងៃចន្ទ ដោយមានប្រសិទ្ធភាពភ្លាមៗ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា អ្នកកាន់លិខិតឆ្លងដែនមកពីប្រទេសនិងដែនដីដែលមានឈ្មោះក្នុងបញ្ជីនេះអាចស្នាក់នៅក្នុងប្រទេសបានរហូតដល់ ៦០ថ្ងៃ ហើយអាចស្នើសុំបន្តការស្នាក់នៅរបស់ពួកគេរហូតដល់ ៣០ថ្ងៃបន្ថែមទៀត។ ការអនុវត្តគម្រោងនេះបានធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul និងលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន។
គម្រោងលើកលែងទិដ្ឋាការកន្លងមកបានអនុវត្តចំពោះតែអ្នកកាន់លិខិតឆ្លងដែនមកពី ៥៧ប្រទេសប៉ុណ្ណោះ។ គម្រោងនេះត្រូវបានដាក់ចេញ ហើយឥឡូវនេះត្រូវបានពង្រីកដើម្បីជួយស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះឱ្យស្ទុះងើបឡើងវិញ ជាពិសេសវិស័យទេសចរណ៍ដែលបានចាកចេញដោយជំងឺរាតត្បាតកូវីដ-១៩។
សៀវភៅរាជកិច្ចមិនបានលើកឡើងអំពីគម្រោងចំនួនពីរផ្សេងទៀតដែលបានផ្សព្វផ្សាយដោយរដ្ឋាភិបាលទេ។ គម្រោងមួយក្នុងចំណោមនោះគឺជាគោលការណ៍បង្កើនចំនួនប្រទេសដែលមានសិទ្ធិទទួលបានទិដ្ឋាការពេលមកដល់ពី១៩ ទៅ ៣១ប្រទេស។
វិធានការមួយទៀតគឺការដាក់ចេញទិដ្ឋាការទិសដៅទេសចរណ៍ប្រទេសថៃ (Destination Thailand Visa) ដើម្បីទាក់ទាញអ្នកធ្វើការងារឌីជីថល (ធ្វើការពីចម្ងាយ) អ្នកធ្វើការងារឯករាជ្យ និងអ្នកទស្សនាដែលចង់ស្វែងយល់ពីសិល្បៈ និងជំនាញថៃ។ ប្រភេទទិដ្ឋាការថ្មីនេះមានសុពលភាពរយៈពេលប្រាំឆ្នាំ និងអនុញ្ញាតឱ្យអ្នកកាន់ទិដ្ឋការស្នាក់នៅរហូតដល់ ១៨០ថ្ងៃក្នុងមួយឆ្នាំ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕