(ភ្នំពេញ)៖ រយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ គម្រោងសាងសង់ចំនួន ១៣៣០គម្រោង ត្រូវបានទទួលការអនុញ្ញាតឱ្យសាងសង់ ដែលមានផ្ទៃក្រឡា ៤ ២៧៨ពាន់ម៉ែត្រការ៉េ។ បើធៀបនឹង៥ខែឆ្នាំ២០២៣ ចំនួនគម្រោងសាងសង់ធ្លាក់ចុះ ២៣ភាគរយ និងផ្ទៃក្រឡាធ្លាក់ចុះ៩ភាគរយ។ នេះបើតាមរបាយការណ៍ និន្នាការសេដ្ឋកិច្ច សង្គម ប្រចាំខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រយៈពេល៥ខែ ឆ្នាំ២០២៤ គម្រោងទទួលបានការអនុញ្ញាតសាងសង់រួមមាន៖ គម្រោងលំនៅដ្ឋាន ១០៩៥គម្រោង (បុរីចំនួន ១០៦១គម្រោង និងខុនដូ ៣៤គម្រោង) សំណង់ឧស្សាហកម្ម ៨៨គម្រោង, សំណង់ពាណិជ្ជកម្ម ៩០គម្រោង, សំណង់ទេសចរណ៍ ២១គម្រោង, សំណង់សាធារណៈ ៣៥គម្រោង និងសំណង់វិនិយោគ ១គម្រោង។
រយៈពេល ៥ខែដើមឆ្នាំ២០២៤ ការអនុម័តគំរោងសាងសង់ជាទឹកប្រាក់បានថយចុះ ២០.២% ប៉ុន្តែទន្ទឹមនឹងនេះ ការនាំចូលគ្រឿងសំណង់បានកើនឡើង ២៣.១% និងការផលិតស៊ីម៉ងត៍ក្នុងស្រុកបានកើនឡើង ៤.៧% ប្រមាណ ៣.៥លានតោន ដែលជាធាតុបង្ហាញពីការកើនឡើងនៃវិស័យនេះ។
ដោយឡែក នៅខែឧសភា ឆ្នាំ២០២៤ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ សរុបមានចំនួន ២៣១គម្រោង ធ្លាក់ចុះ១៤.១%, មានផ្ទៃក្រឡា ១ ៣៧៣ពាន់ម៉ែត្រការ៉េ កើន៤៩.៧%, ប្រើប្រាស់ទុន ៧៣៩.៧លានដុល្លារ កើន១៥៩.៩% ធៀបនឹងខែមុន។ ក្នុងខែឧសភា ឆ្នាំ២០២៤ ទំហំផ្ទៃក្រឡាគម្រោងសាងសង់ និងទុនរើបឡើងវិញបន្តិចធៀបនឹងខែមុន ខណៈដែលចំនួនសាងសង់មានការធ្លាក់ចុះ ប៉ុន្តែការនាំចូល និងការផលិតគ្រឿងសំណង់មានការកើនឡើង។
ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានឲ្យដឹងថា ជាការពិតវិស័យសំណង់ហាក់ថមថយ ប៉ុន្ដែយើងនៅតែបន្ដមានការសាងសង់ តែមានកំណើនតិចតួច។ ចំពោះការសាងសង់មានតិចតួច មិនសម្រុកច្រើនដូចឆ្នាំកន្លងទៅ មានន័យថា ការសាងសង់ផ្នែកលំនៅដ្ឋាន ខុនដូ ផ្ទះល្វែងមានការធ្លាក់ចុះ ប៉ុន្ដែការសាងសង់សណ្ឋាគារ រីស៊ត និងរោងចក្រ មានការកើនឡើង។
ឧកញ៉ាបន្ថែមថា ការសាងសង់លើផ្នែកលំនៅដ្ឋាន ខុនដូ នាពេលបច្ចុប្បន្ននេះ គឺនៅទ្រឹងនៅឡើយ ប៉ុន្ដែសំណង់ជាផ្នែកឧស្សាហកម្ម ផ្នែកបម្រើកសិកម្ម កំពង់ផែ ព្រលានយន្ដហោះ នៅតែមានការសាងសង់ជាបន្ដបន្ទាប់ ដូច្នេះវិស័យសំណង់នៅតែមានតម្រូវការ។
ឧកញ៉ាបានបញ្ជាក់ថា «តាមការមើលឃើញរបស់ខ្ញុំ វិស័យសំណង់នៅតែល្អប្រសើរ និងបោះជំហានទៅមុខ ព្រោះក្នុងនោះការសាងសង់ តំបន់សេដ្ឋកិច្ចពិសេសអាចកើនឡើងច្រើន តាមទីប្រជុំជនធំៗ និងអមតាមព្រែកជីកហ្វូណន»៕