(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារបានដំឡើងការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ របស់ប្រទេសចិនដល់ ៥ភាគរយនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក (WEO) ធៀបនឹងការព្យាករ ៤,៦ភាគរយនៅក្នុងខែមេសា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។
ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ដោយដកស្រង់របាយការណ៍បច្ចុប្បន្នភាពនេះថា ការដំឡើងការព្យាករនេះគឺដោយសារការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ឯកជន និងការនាំចេញដ៏រឹងមាំនៅក្នុងត្រីមាសទីមួយ។
របាយការណ៍នេះបានឱ្យដឹងថា៖ «នៅក្នុងប្រទេសចិន ការកើនឡើងការប្រើប្រាស់ក្នុងស្រុកបានជំរុញឱ្យមានការកើនឡើងជាវិជ្ជមាននៅក្នុងត្រីមាសទី១ ដោយសារកំណើនការនាំចេញបណ្តោះអាសន្នដែលកើតមានយឺតយ៉ាវធៀបទៅនឹងការកើនឡើងតម្រូវការពិភពលោកកាលពីឆ្នាំមុន»។
មូលនិធិ IMF បានរក្សាការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៤ ក្នុងអត្រា ៣,២ភាគរយដដែល ដោយកត់សម្គាល់ថា សេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងស្ទុះងើបខ្លាំងនៅតំបន់អាស៊ីនៅតែជាក្បាលម៉ាស៊ីនសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក។
របាយការណ៍បច្ចុប្បន្នភាពនេះបានកត់សម្គាល់ថា សកម្មភាពសកលនិងពាណិជ្ជកម្មពិភពលោកបានកើនឡើងនៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ដោយពាណិជ្ជកម្មបានជំរុញដោយការនាំចេញដ៏រឹងមាំពីអាស៊ី ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា។
ទំហំពាណិជ្ជកម្មពិភពលោកត្រូវបានរំពឹងថានឹងកើនឡើង ៣,១ភាគរយនៅឆ្នាំ២០២៤ និង ៣,៤ភាគរយនៅឆ្នាំ ២០២៥ ដែលខ្ពស់ជាងការព្យាករកាលពីខែមេសា ០,១ភាគរយដូចគ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ៕