(តូក្យូ)៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុនបានបង្កើតកំណត់ត្រាថ្មីសម្រាប់ចំនួនភ្ញៀវទេសចរបរទេសប្រចាំខែនៅក្នុងខែមិថុនា ខណៈដែលការធ្លាក់ចុះថ្លៃប្រាក់យ៉េនបានជំរុញឱ្យមានការកើនឡើងវិស័យទេសចរណ៍ដែលកំពុងក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) ថា ចំនួនភ្ញៀវបរទេសដែលធ្វើដំណើរសម្រាប់អាជីវកម្មនិងការកម្សាន្តមានចំនួន ៣,១៤លាននាក់កាលពីខែមុន ដែលខ្ពស់ជាងចំនួនខ្ពស់បំផុតដែលធ្លាប់ទទួលបាននៅខែមីនា និងខ្ពស់ជាងចំនួន ៣,០៤លាននាក់ដែលទទួលបាននៅខែឧសភា។
ក្នុងរយៈពេល ៦ខែដំបូងក្នុងឆ្នាំនេះ អ្នកដំណើរចំនួន ១៧,៧៨លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដែលជាកំណត់ត្រាប្រចាំត្រីមាសថ្មីមួយ ហើយកំពុងឈានទៅរកការបំបែកកំណត់ត្រាខ្ពស់បំផុតប្រចាំឆ្នាំដែលធ្លាប់សម្រេចបានចំនួន ៣១,៩លាននាក់ក្នុងឆ្នាំ២០១៩ មុនពេលកើតមានជំងឺរាតត្បាតកូវីដ-១៩ផងដែរ។
កាសែត Nikkei បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលជប៉ុនបានប៉ាន់ប្រមាណថា ការចំណាយរបស់ភ្ញៀវទេសចរនឹងកើនឡើងដល់ ៨ពាន់ពាន់លានយ៉េន (៥០ពាន់លានដុល្លារ) នៅឆ្នាំ២០២៤នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕