(ភ្នំពេញ)៖ បណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា បច្ចុប្បន្ននេះ និស្សិតនៅកម្ពុជាមានប្រមាណ ២០ម៉ឺននាក់ដែលបាននឹងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ក្នុងនោះមានតែ ១០%ប៉ុណ្ណោះ ដែលចាប់ជំនាញឌីជីថលសិក្សានៅទូទាំងប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលមានផែនការបណ្តុះបណ្តាលជំនាញនេះឱ្យកើនឡើងថែមទៀត ដើម្បីរួមចំណែកបំពេញតម្រូវការកម្លាំងពលកម្មជំនាញឌីជីថល ទៅក្នុងទីផ្សារការងារ។
ទោះបីជាយ៉ាងនេះក្តី លោកលើកឡើងថា ក្នុងចំណោម ១០%នោះ មិនបានបញ្ចប់ការសិក្សាជំនាញឌីថលទាំងអស់នោះទេ ដោយអ្នកខ្លះបានបញ្ឈប់ការសិក្សា និងមួយចំនួនទៀតបានផ្លាស់ប្តូរជំនាញ។
បណ្ឌិត តាំង ងួនលី លើកឡើងបែបនេះ នៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «តួនាទីនៃសេដ្ឋកិច្ចឌីជីថល លើការអភិវឌ្ឍកម្ពុជា» ។
បើតាមលោក តាំង ងួនលី មកទល់ពេលនេះ មិនទាន់មានរបាយកាណ៍វាស់វែងពីកម្រិតយល់ដឹងរបស់ពលរដ្ឋកម្ពុជា លើជំនាញឌីជីថលនៅឡើយទេ។ តែយ៉ាងណាបើយោងតាមរបាយការណ៍របស់ UNDP នៅឆ្នាំ២០២០ ដែលធ្វើការអង្កេតលើអក្ខរកម្មឌីជីថល ក្នុងចំណោមសិស្សនិស្សិតកម្រិតវិទ្យាល័យ និងសាកលវិទ្យាល័យ និងយុវជនដែលកំពុងបម្រើការ នៅតាមបណ្តាស្ថាប័នមួយចំនួន មានប្រមាណ ៤៩% ដែលចេះជំនាញឌីជីថល ជាមូលដ្ឋាន។ ហើយការស្ទង់មតិបន្ទាប់ទៀត ឃើញថា យុវជនប្រមាណ៣០% ដែលចាប់អារម្មណ៍រៀនជំនាញឌីជីថល ហេតុនេះគឺជាឱកាសល្អមួយ ដែលកម្ពុជាគួរតែចាប់យកឱកាសនេះ ក្នុងពង្រឹងចំណេះដឹងបន្ថែមទៀតដល់ប្រជាពលរដ្ឋ។
លោកបានឱ្យដឹងផងដែរថា រាជរដ្ឋាភិបាល តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបតែបានដាក់ចេញនូវផែនទីបង្ហាញផ្លូវ អភិវឌ្ឍន៍ជំនាញឌីជីថល ដោយក្នុងនោះបានកំណត់ថា នៅត្រឹមឆ្នាំ២០៣៥ កម្ពុជានឹងបញ្ជូននិស្សិតទៅបន្តការសិក្សាថ្នាក់ ក្រោយឧត្តមសិក្សាលើជំនាញឌីជីថល នៅបរទេសឱ្យបាន ១ម៉ឺននាក់ និងនិស្សិតដែលចាប់ជំនាញឌីជីថល ត្រូវតែស្ថិតរង្វង់១៥%នៃសិស្សដែលបញ្ចប់ថ្នាក់ទី១២។ ហើយចាប់ពីឆ្នាំ២០២៨ ដល់ឆ្នាំ២០៣១ និស្សិតដែលចាប់ជំនាញឌីជីថលនឹងកើនឡើងដល់ ២០% និងចាប់ពីឆ្នាំ២០៣២ ដល់ឆ្នាំ២០៣៥ កើនឡើងដល់២៥%៕
សូមស្តាប់ការពន្យល់បន្ថែមរបស់លោក តាំង ងួនលី ៖