(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ប្រតិបត្តិការប្រាក់រៀល តាមប្រព័ន្ធបាគងមាន ៧៥.៥លានដង ស្មើ៦៤.៩ទ្រីលានរៀល។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីបណ្ឌិត ជា សិរី អញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចាត់ទុកបច្ចេកវិទ្យាជា អាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំងប្រាំ ធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍប្រព័ន្ធទូទាត់ ដើម្បីធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស មិនថាការទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែននោះទេ សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋ កិច្ចនិងសង្គមឌីជីថល។
លោកស្រីបន្ថែមថា ក្នុងចំណោមប្រព័ន្ធទូទាត់ទាំងអស់ប្រព័ន្ធបាគង បាននិងកំពុងបំពេញមុខងារ កាន់តែសំបូរបែបជូន ដល់អ្នកប្រើប្រាស់ ប្រព័ន្ធនេះឱ្យកើនឡើងជាបន្តបន្ទាប់ ដែលបានជំរុញការប្រើ និងរួមចំណែកដល់ការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។
លោកស្រីបានបញញជាក់ថា «ប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធ បាគង មានចំនួនសរុប ៧៥.៥ លានប្រតិបត្តិការដែលកើន១.៨ដង ឬគិតជាទឹកប្រាក់ស្មើនឹង៦៤.៩ទ្រីលានរៀល ដែលកើន១.៤ដង និងប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក៩៩.៨លានប្រតិបត្តិការ ឬស្មើនឹងទឹកប្រាក់៣៨.៨ប៊ីលានដុល្លារអាមេរិក ដែលមានកំណើន១.៣ដង»។
លោកស្រីបានបញ្ជាក់ថា «បន្ថែមលើនេះធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន ជាមួយប្រទេសថៃ ឡាវ វៀតណាម និងក្រុមហ៊ុនអន្តរជាតិយូញៀនផេ ព្រមទាំងកំពុងពង្រីកគម្រោងទូទាត់ឆ្លងដែន ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ និងដៃគូសហការនានាដូចជា ចិន ជប៉ុន ឥណ្ឌា កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី និងក្រុមហ៊ុនអាលីផេជាដើម»។
សូមជម្រាបថា ប្រព័ន្ធ បាគង ត្រូវបានធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ ប្រព័ន្ធបាគងប្រៀបដូចជាឆ្អឹងខ្នងនៃប្រព័ន្ធទូទាត់ ដែលអាចធ្វើឲ្យអតិថិជនប្រតិបត្តិការភ្លាមៗដូចជា ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។
គិតត្រឹមដើមខែមករា ឆ្នាំ២០២៤ ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធបាគង បានកើនដល់ជាង១០លានគណនី មានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧០ជាសមាជិក។
ទន្ទឹមនោះប្រព័ន្ធបាគងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រតិបត្តិការឆ្លងគ្រឹះស្ថាន និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុក៏ដូចជា ផ្តល់លទ្ធភាពសម្រាប់ប្រទេសកម្ពុជា ក្នុងការភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសក្នុងតំបន់ ដើម្បីសម្រួលការផ្ទេរប្រាក់ និងការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេស៕