(គូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងនៅចុងសប្តាហ៍មុនថា សេដ្ឋកិច្ចរបស់ខ្លួននៅត្រីមាសទី២ ត្រូវបានព្យាករថានឹងកើនឡើងខ្ពស់ជាងត្រីមាសទី១ ទោះបីជាអ្នកវិភាគមួយចំនួនរំពឹងថាសន្ទុះកំណើនសេដ្ឋកិច្ចនឹងរងផលប៉ះពាល់ពីអតិផរណាខ្ពស់ និងការចំណាយក្នុងស្រុកខ្សោយក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយនាយកដ្ឋានស្ថិតិម៉ាឡេស៊ីថា ផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសទី២ ដែលគិតចាប់ខែមេសាដល់ខែមិថុនាត្រូវបានព្យាករថានឹងកើនឡើង ៥,៨ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលនៅត្រីមាសទី១មានតែ ៤,២ភាគរយ។
លោក Mohd Uzir Mahidin ប្រធាននាយកដ្ឋានស្ថិតិបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចដែលត្រូវបានប៉ាន់ប្រមាណនេះត្រូវបានជំរុញដោយវិស័យសេវាកម្ម ដែលមានកំណើន ៥,៦ភាគរយធៀបនឹង ៤,៧ភាគរយនៅក្នុងត្រីមាសទី១។ លោក Mohd Uzir បានបន្ថែមថា កំណើននេះនឹងត្រូវបានជំរុញបន្ថែមទៀតដោយការអនុវត្តកាន់តែប្រសើរឡើងនៅក្នុងពាណិជ្ជកម្មលក់ដុំនិងរាយ ការដឹកជញ្ជូននិងការស្តុកទុក និងអនុវិស័យនានានៃវិស័យហិរញ្ញវត្ថុនិងធានារ៉ាប់រង។
លោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «នៅក្នុងវិស័យខាងក្រៅ ពាណិជ្ជកម្មសរុប ការនាំចេញ និងការនាំចូលមានការកើនឡើងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញនៅសប្តាហ៍មុនថា ការនាំចេញរបស់ម៉ាឡេស៊ីក្នុងខែមិថុនាបានកើនឡើង ១,៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទាបជាងការរំពឹងទុករបស់ទីផ្សារ។ ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ីបានឱ្យដឹងថា ការនាំចេញបានកត់ត្រាកំណើនប្រចាំឆ្នាំ ៣,៩ភាគរយនៅក្នុងឆមាសទីមួយ ឆ្នាំ២០២៤៕