(ហ្សាការតា)៖ ក្រសួងទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍គ្រោងនឹងលើកលែងទិដ្ឋការធ្វើដំណើរដល់ប្រទេសចំនួន ២០ រួមទាំងអូស្ត្រាលី ចិន និងឥណ្ឌានៅខែតុលាខាងមុខនេះ។
រដ្ឋមន្ត្រី Sandiaga Salahuddin Uno បានប្រាប់ទីភ្នាក់ងារព័ត៌មាន Antara នៅទីក្រុងហ្សាកាតាថា៖ «ដំណើរការ [លើកលែងទិដ្ឋាការ] នេះជិតរួចរាល់ហើយ ហើយបញ្ជីគោលដៅចំនួន២០ ត្រូវបានដាក់ជូន។ យើងកំពុងស្នើឱ្យមានការលើកលែងទិដ្ឋិការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសដែលផ្តល់ផលជះផ្នែកសេដ្ឋកិច្ចធំបំផុត»។
យោងតាមកាសែត VnExpress របស់វៀតណាមបានឱ្យដឹងថា បញ្ជីឈ្មោះប្រទេសដែលបានកំណត់សម្រាប់ការចូលដោយពុំចាំបាច់មានទិដ្ឋាការនេះរួមមានទាំងទីផ្សារទេសចរណ៍សំខាន់ៗដូចជាឥណ្ឌា អូស្ត្រាលី ចិន ជប៉ុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង បារាំង អាឡឺម៉ង់ កាតា ចក្រភពអង់គ្លេស និងអេមីរ៉ាតអារ៉ាប់រួម។
កាសែត Jakarta Globe បានរាយការណ៍ថា សំណើដែលបានដាក់ជូនកាលពីខែធ្នូឆ្នាំមុន ត្រូវបានរំពឹងថានឹងត្រូវអនុវត្តនៅខែតុលាខាងមុខនេះ។ ការអនុវត្តការចូលទស្សនាដោយគ្មានទិដ្ឋាការនេះនឹងត្រូវបានវាយតម្លៃក្នុងរយៈពេលប្រាំមួយខែ។
កាលពីខែធ្នូឆ្នាំមុន ក្រសួងបានស្នើប្រទេសចំនួន២០ ដើម្បីបញ្ចូលក្នុងបញ្ជីលើកលែងទិដ្ឋាការនេះ ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។
កាលពីឆ្នាំមុន ប្រទេសឥណ្ឌូណេស៊ីបានទទួលភ្ញៀវទេសចរបរទេសចំនួន ១១,៧លាននាក់ ដែលទាបជាឆ្ងាយពីប្រទេសជិតខាងភាគច្រើនរបស់ខ្លួន។ នៅឆ្នាំនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំណត់ទិសដៅទាក់ទាញភ្ញៀវទេសចរ ១៧លាននាក់នៅឆ្នាំនេះ។ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣លាននាក់នៅក្នុងត្រីមាសទីមួយឆ្នាំនេះ។ នេះបើយោងតាមកាសែត VnExpress៕