(ភ្នំពេញ)៖ ក្នុងរយៈពេល ៣សប្តាហ៍ក្នុងខែកក្កដានេះ អាកាសយានដ្ឋានសៀមរាបអង្គរ ទទួលបានជើងហោះហើរប្រមាណជាង៧០០ជើង (ទ្វេទិស) ពោលគឺទទួលបានជើងហោះហើរប្រមាណ ៣៦ជើងក្នុងមួយថ្ងៃ ខណៈអ្នកដំណើរចេញចូលជាមធ្យមចំនួន ២,៧០០នាក់ក្នុងមួយថ្ងៃ។ នេះបើតាមការឱ្យដឹងពីលោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជានាំពាក្យអាកាសចរស៊ីវិល ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោកបានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ២០២៤ អាកាសយានដ្ឋានសៀមរាបអង្គរ ទទួលបានជើងហោះហើរ (ទ្វេទិស) ជាមធ្យម ៣៦ជើងក្នុងមួយថ្ងៃ និងមានអ្នកដំណើរជាមធ្យម (ទ្វេទិស) ប្រមាណពី ២,៧០០នាក់ក្នុងមួយថ្ងៃ ឬប្រមាណ ៧៥នាក់ក្នុងមួយជើង។
លោកបានកត់សម្គាល់ថា ម៉ោងរវល់ប្រចាំថ្ងៃដែលមានអ្នកដំណើរចេញ-ចូលច្រើនជាងគេ ពេលព្រឹកនៅចន្លោះម៉ោង ៩៖០០ ដល់ម៉ោង ១១៖០០ រីឯពេលល្ងាចនៅចន្លោះម៉ោង១៨៖០០នាទី ដល់ម៉ោង ១៩៖០០នាទី។
សូមជម្រាបថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១១ ធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៩ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន២ ដោយធ្វើការហោះហើរចំនួន ២៤៤ជើងក្នុង១សប្ហាហ៍ (ហោះហើរទ្វេទិស)៕